នាយករដ្ឋមន្ត្រី Mario Draghi បានប្រគល់លិខិតលាលែងតំណែងរបស់លោកទៅកាន់ប្រធានាធិបតី Sergio Mattarella នៅថ្ងៃព្រហស្បតិ៍ ហើយដំណឹងមួយនេះបានធ្វើឲ្យប្រទេសសេដ្ឋកិច្ចធំបំផុតទី ៣ អឺរ៉ុប ធ្លាក់ចូលក្នុងភាពវឹកវរនៃឆាកនយោបាយជាថ្មី។

ការលាលែងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក Draghi បានធ្វើឡើង បន្ទាប់ពីមន្ត្រីសំខាន់ៗនៃគណបក្សរបស់លោក ដែលជាគណបក្សធំបំផុតនៃរដ្ឋាភិបាលចម្រុះ បានធ្វើពហិការនៅជួររដ្ឋាភិបាលនៅយប់ថ្ងៃពុធ។
ដោយឡែក ប្រធានាធិបតីអ៊ីតាលីវិញកំពុងរៀបចំណាត់ជួបជាមួយនឹងអ្នកតំណាងសភានៅរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីប្រកាសពីដំណឹងនេះជាផ្លូវការ ខណៈជំហានបន្ទាប់នឹងរៀបចំការបោះឆ្នោតមុនអាណត្តិ។ នេះបើតាមការចុះផ្សាយពី CNN ។

សូមជម្រាបដែរថា លោក Draghi បានស្នើសុំលាលែងពីតំណែងជានាយករដ្ឋមន្ត្រីតាំងពីសប្ដាហ៍មុនម៉្លេះ ប៉ុន្តែត្រូវបានបដិសេធដោយប្រធានាធិបតី និងបានស្នើឲ្យលោកសម្រាកនៅផ្ទះដើម្បីរកដំណោះស្រាយដែលល្អជាងនេះ។

ចុងបញ្ចប់ ទោះបីជាខិតខំបែបណា ផ្លូវដែល Draghi បានជ្រើសរើសគឺនៅតែដដែល ពោលបញ្ចប់មុខតំណែងជានាយករដ្ឋមន្ត្រីអ៊ីតាលីត្រឹមរយៈពេលជិត ១ ឆ្នាំកន្លះ ពោលកាន់តំណែងពីថ្ងៃទី ១៣ កុម្ភៈ ២០២១ ដល់ថ្ងៃទី ២១ កក្កដា ២០២២៕