ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍ចិន (CDB) ដែលជាធនាគារធំបំផុតមួយនៅក្នុងប្រទេស បាននិយាយថា ខ្លួនបានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ១៨១,៥ ពាន់លានយ៉ន់ ឬ ២៧ ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុង នៅក្នុងឆមាសទីមួយ នៃឆ្នាំនេះ ។
ធនាគារអភិវឌ្ឍន៍នេះ នឹងផ្ទេរប្រាក់កម្ចីចំនួន ៦៥០ លានយ៉ន់ ដើម្បីផ្តល់មូលនិធិដល់ការបន្តអភិវឌ្ឍន៍ក្នុងតំបន់សេដ្ឋកិច្ច នៅភាគខាងត្បូងនៃទីក្រុង Yantai រួមទាំងការជួសជុលគ្រឿងបរិក្ខារឧស្សាហកម្មផ្សេងៗផងដែរ ស្របពេលធនាគារចិនមួយនេះ បានប្តេជ្ញាក្នុងការពន្លឿនការផ្តល់ប្រាក់កម្ចី ដើម្បីអាចផ្តល់មូលនិធិសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ។
មិនតែប៉ុណ្ណោះ CDB ក៏បានបែងចែកប្រាក់កម្ចីចំនួន ២៨០ លានយ៉ន់ សម្រាប់ការសាងសង់ទៅលើប្រព័ន្ធផ្គត់ផ្គង់ហ្គាស់ អគ្គិសនី និងបំពង់បង្ហូរទឹក នៅទីក្រុង Chuzhou ក្នុងខេត្ត Anhui រួមទាំងប្រាក់កម្ចីចំនួន ៩៨ លានយ៉ន់ផ្សេងទៀត សម្រាប់គម្រោងអភិវឌ្ឍន៍ស្រដៀងគ្នា នៅក្នុងទីក្រុងប៉េកាំងផងដែរ ។
គួរឱ្យដឹងថាប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរបស់ពិភពលោកមួយនេះ បានមើលឃើញសេដ្ឋកិច្ចរបស់ខ្លួន ធា្លក់ចុះយ៉ាងខ្លាំង ក្នុងត្រីមាសទី ២ ដោយសារតែវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ដ៏តឹងរ៉ឹង និងទីផ្សារអចលនទ្រព្យ ដែលកំពុងដាំក្បាលចុះ ។ ដូច្នេះហើយ ទើបធនាគារអភិវឌ្ឍន៍ បានសន្យា ក្នុងការជំរុញឱ្យមានការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ ៕