ជនជាតិចិន ជាប់ចំណាត់ថ្នាក់កំពូលគេ ក្នុងបញ្ជីអ្នកទិញផ្ទះច្រើនបំផុត នៅសហរដ្ឋអាមេរិក

អន្តរជាតិ

យោងតាមសមាគមជាតិ អ្នកទិញអចលនទ្រព្យ ឬហៅកាត់ NAR បានឱ្យដឹងថា ជនជាតិចិន បានឈរនៅចំណាត់ថ្នាក់កំពូលគេ នៅក្នុងបញ្ជីជនបរទេស ដែលទិញផ្ទះនៅសហរដ្ឋអាមេរិកច្រើនបំផុត សម្រាប់រយ:ពេល ១០ ឆ្នាំជាប់ៗគ្នា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

NAR ដែលបានប្រមូលផ្តុំទិន្នន័យពីអ្នកទិញផ្ទះ មកពីចិនដីគោក ហុងកុង និងតៃវ៉ាន់ បាននិយាយថា វិនិយោគិនទាំងនោះ បានចំណាយទឹកប្រាក់ប្រមាណ ៦,១ ពាន់លានដុល្លារ លើការទិញអចលនទ្រព្យ ក្នុងរយ:ពេល ១២ ខែ ដោយគិតត្រឹមខែមីនា ហើយវិនិយោគិនចិន ៦ ក្នុងចំណោម ១០ នាក់ បានទូទាត់ការទិញផ្ទះរបស់ពួកគេ ជាសាច់ប្រាក់សុទ្ធ ។

សរុបមក វិនិយោគិនបរទេស បានទិញផ្ទះ ក្នុងទំហំទឹកប្រាក់ចំនួន ៥៩ ពាន់លានដុល្លារ ដែលកើនឡើង ៨,៥% បើធៀបនឹងឆ្នាំមុន នេះបើយោងតាម NAR ដែលតំណាងឱ្យសមាជិក ១,៥ លាននាក់ នៅក្នុងឧស្សាហហកម្មអចលនទ្រព្យ និងពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក ។

គួរឱ្យដឹងថា ជនបរទេសបានទិញផ្ទះ ដែលមានស្រាប់ចំនួន ៩៨ ៦០០ យូនីត ដែលស្មើនឹងចំនួន ១,៦% នៃចំនួនផ្ទះសរុបចំនួន ៦,១២ លានយូនីត ដែលត្រូវបានលក់ នៅក្នុងរយ:ពេលនោះ។ តែទោះជាយ៉ាងណាក៏ដោយ វាគឺជាការទិញទាបបំផុត ដោយវិនិយោគិននៅក្រៅប្រទេស ចាប់តាំងពី NAR បានចាប់ផ្តើមតាមដានទិន្នន័យ ក្នុងឆ្នាំ ២០០៩ មក ។

ទន្ទឹមនឹងនេះ NAR បាននិយាយថា ជនជាតិចិន គឺជាអ្នកទិញផ្ទះបរទេសដ៏ធំបំផុត របស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៣ មក ហើយនៅក្នុងរយ:ពេល ១០ ឆ្នាំចុងក្រោយនេះ វិនិយោគិនចិន បានទិញអចលនទ្រព្យមានតម្លៃរហូតដល់ ១៨៨,៦ ពាន់លានដុល្លារ នៅក្នុងចំណោមការវិនិយោគសរុបចំនួន ៩០៦,២ ពាន់លានដុល្លារ ក្នុងរយ:ពេលនោះ ៕