កាលពីខែមុន អត្រាតម្លៃបន្ទប់សណ្ឋាគារនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយ:ពេលជិត ៦ ឆ្នាំ នៅពេលដែលវិស័យទេសចរណ៍ នៅក្នុងប្រទេសអាស៊ានមួយនេះ កំពុងមានការងើបឡើងវិញយ៉ាងខ្លាំង ក្រោយរដ្ឋាភិបាល បានធ្វើការបន្ធូរបន្ថយវិធានការណ៍ ជុំវិញជំងឺរាតត្បាតកូវីដ ១៩ ។
អត្រាតម្លៃបន្ទប់សណ្ឋាគារប្រចាំថ្ងៃ ជាធម្យម នៅក្នុងខែមិថុនា បានកើនឡើងដល់ ២៣៨,៣២ ដុល្លារសិង្ហបុរី ឬ ១៧១ ដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៦ មក ស្របពេលចំនួននេះ បានកើនឡើង ៦៣% បើធៀបទៅនឹងឆ្នាំមុន នៅពេលដែលច្បាប់ចត្តាឡីស័ក នៅតែមាន ។ នេះបើយោងតាមទិន្នន័យទទួលបានពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ។
គួរឱ្យដឹងថា ប្រទេសសិង្ហបុរី នៅក្នុងខែមេសា បានក្លាយជាប្រទេដសសេដ្ឋកិច្ចធំបំផុតមួយក្នុងតំបន់ដំបូងគេ ដែលបានប្រកាសថា ខ្លួននឹងបញ្ចប់ការធ្វើតេស្តទាំងអស់ សម្រាប់អ្នកដំណើរ ដែលទទួលបានការចាក់វ៉ាក់សាំង ស្របពេលរដ្ឋាភិបាល បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀនរស់នៅជាមួយជំងឺកូវីដ ១៩ ផងដែរ ។
ទន្ទឹមនឹងនេះ ជាមួយនឹងការរៀបចំសន្និសីទ និងព្រឹត្តិការណ៍សំខាន់ៗឡើងវិញ ក៏បានទាក់ទាញភ្ញៀវទេសចរផងដែរ ហើយបើតាមទិន្នន័យពី STB បានបង្ហាញពីការកើនឡើងជិត ១២ ដង នៃការមកដល់របស់ភ្ញៀវទេសចរ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ នេះ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
លើសពីនេះ STB បាននិយាយទៀតថា ប្រទេសសិង្ហបុរី រំពឹងថានឹងទទួលបានភ្ញៀវទេសចរចន្លោះពី ៤ ទៅ ៦ លាននាក់នៅឆ្នាំនេះ បើទោះបីជាលំហូរទេសចរណ៍ នឹងប្រឈមមុខនឹងបញ្ហាខ្លះសម្រាប់ឆ្នាំដែលនៅសល់ ដោយសារបរិយាកាសនយោបាយ និងសេដ្ឋកិច្ចសកលដែលមានការប្រែប្រួលក្តី ៕