កាលពីថ្មីៗនេះ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានប្រកាសអាសន្នជាសកលអំពីការរាតត្បាតជំងឺអុតស្វា (Monkeypox) ហើយបានប្រាប់ឲ្យការិយាល័យនៅអាស៊ីអាគ្នេយ៍ពង្រឹងសុវត្ថិភាពឲ្យមែនទែនលើបញ្ហាមួយនេះ។ នេះបើតាមការចុះផ្សាយពី CNA។

ការស្រាវជ្រាវលើវ៉ាក់សាំង និងការគាំពារផ្សេងៗ គឺកំពុងធ្វើឡើងនៅតាមមន្ទីរពេទ្យ និងគ្លីនិកដែលជាការស្នើសុំដោយ WHO ទៅកាន់នាយកគ្រប់គ្រងតំបន់អាស៊ីខាងត្បូង និងខាងកើតគឺអ្នកស្រី Poonam Khetrapal Singh។

សូមជម្រាបដែរថា ករណីជំងឺអុតស្វាបានរកឃើញច្រើនជាង ១៦ ០០០ ករណីនៅប្រទេស ៧៥ ទូទាំងពិភពលោក ហើយមាន ៤ ករណីរកឃើញនៅក្នុងតំបន់អាស៊ីខាងត្បូង និងខាងកើតដែលគ្រប់គ្រងដោយ WHO ខណៈ ៣ នៅឥណ្ឌា និង ១ នៅថៃ។

ដោយឡែក នៅប្រទេសសិង្ហបុរីដែលរកឃើញមាន ៨ ករណីកាលពីខែមិថុនា គឺត្រូវបានចាត់ទុកជាផ្នែកមួយនៃតំបន់ Western Pacific គ្រប់គ្រងដោយ WHO។ នេះបើតាមការចុះផ្សាយពី CNA។
គួររំលឹកដែរថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានជំងឺតែ ២ ប៉ុណ្ណោះដែលបានចាត់ទុកជាការប្រកាសអាសន្នជាសកលអំពីការរាតត្បាតដោយ WHO ខណៈជំងឺទាំង ២ នោះគឺ អ៊ីបូឡា និងកូវីដ ១៩៕