ស្ថាបនិកក្រុមហ៊ុន SpaceX មេធំ Tesla លោក Elon Musk គឺធ្លាប់លួចមានទំនាក់ទំនងជាមួយនឹងប្រពន្ធរបស់ Sergey Brin សហស្ថាបនិក Google និងត្រូវជាមិត្តភក្ដិជិតដិតម្នាក់របស់លោក។ នេះបើតាមការចុះផ្សាយពី Street Journal។

យ៉ាងណា ក្រោយលេចលឺដំណឹងនេះហើយ មហាសេដ្ឋីមានបំផុតដាច់គេលើលោកខាងលើបានចេញមុខច្រានចោលចចាមអារ៉ាមខាងលើទាំងស្រុង ដោយបានអះអាងថា ព័ត៌មានទាំងអស់នោះគឺ ជារឿងប្រឌិតទាំងស្រុង។ នេះបើតាមការចុះផ្សាយពី BBC។

យោងតាមការបង្ហោះសារដោយផ្ទាល់ពីគណនី Twitter ផ្លូវការរបស់ Elon Musk បានឲ្យដឹងថា៖ “រឿងនេះគឺប្រឌិតទាំងស្រុង។ Sergey និងខ្ញុំគឺនៅតែជាមិត្តល្អ ហើយកាលពីយប់មិញពួកយើងបានជប់លៀងជាមួយគ្នាទៀត។ ខ្ញុំធ្លាប់បានជួប Nicole តែ ២ ដងគត់ក្នុងរយៈពេល ៣ឆ្នាំ ហើយការជួបជុំនោះគឺជួបជាមួយមនុស្សជាច្រើន ដូច្នេះទំនាក់ទំនងស្នេហាគឺគ្មានទេរវាងយើងទាំង ២”។

សូមជម្រាបដែរថា Street Journal បានអះអាងថា មូលហេតុដែលសហស្ថាបនិក Google លែងលះជាមួយភរិយា គឺដោយសារដឹងពីទំនាក់ទំនងស្នេហាលួចលាក់រវាងពួកម៉ាក Elon Musk និងប្រពន្ធរបស់ខ្លួន៕