វិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនគឺកំពុងស្ថិតនៅក្នុងសភាពយ៉ាប់យ៉ឺនមួយ ដោយសារវិបត្តិសេដ្ឋកិច្ចទាំងសកល និងក្នុងស្រុក បណ្ដាលឲ្យក្រុមអតិថិជន និងវិនិយោគិនលើវិស័យមួយនេះជួបប្រទះកង្វះខាតហិរញ្ញវត្ថុធ្ងន់ធ្ងរ។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលចិនបានប្រកាសថា នឹងបញ្ចេញនូវកញ្ចប់ថវិកាប្រមាណ ៣០០ ពាន់លានយ័ន ឬ ៤៤ ពាន់លានដុល្លារ ដើម្បីជួយស្ដារដង្ហើមនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសដែលកំពុងធ្លាក់ក្នុងរណ្ដៅ។ នេះបើតាមលិខិតចេញដោយផ្ទាល់ពីធនាគាររដ្ឋ។

ដោយឡែក បើយោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា កញ្ចប់ជំនួយមួយនេះនឹងក្លាយជាការចាប់ផ្ដើមស្រោចស្រង់ដង្ហើមនៃវិស័យអចលនទ្រព្យក្នុងប្រទេសមហាអំណាចជាលើកដំបូង តាំងពីបំណុលនៃវិស័យអចលនទ្រព្យបានផ្ទុះឡើងកាលពីឆ្នាំទៅ។

កញ្ចប់ជំនួយនេះគឺបានទឹកប្រាក់ពីធនាគារ People’s Bank of China (PBOC) ប្រមាណ ៨០ ពាន់លានយ័ន ស្របពេលធនាគាររដ្ឋ China Construction Bank នឹងចូលរួម ៥០ ពាន់លានយ័នបន្ថែម ប៉ុន្តែទឹកប្រាក់នេះនឹងចេញពីធនាគារ PBOC សិន។ នេះបើតាមការចុះផ្សាយបី Reuters។
បើសិនជាវាអាចដើរតាមផែនការបាន ធនាគារផ្សេងៗនឹងដើរតាមគន្លងនេះដូចគ្នា ជាមួយនឹងគោលដៅទឹកប្រាក់ចន្លោះពី ២០០ ទៅ ៣០០ ពាន់លានយ័ន៕