ក្រុមហ៊ុន Alibaba កំពុងរៀបចំឯកសារដើម្បីចុះបញ្ជីពាណិជ្ជកម្មនៅផ្សារហ៊ុនហុងកុង ខណៈបញ្ជីឈ្មោះនៅផ្សារហ៊ុនអាមេរិកគឺនឹងរក្សាដដែល។ នេះបើតាមការចុះផ្សាយពី SHINE។
ប្រភពដដែលបានបន្ថែមទៀតថា បើសិនការចុះបញ្ជីអាចទទួលបានជោគជ័យ Alibaba នឹងក្លាយជាក្រុមហ៊ុនចិនផ្នែកបច្ចេកវិទ្យាមួយ ដែលមានភាគហ៊ុនជួញដូរ ២ ប្រភេទនៅលើផ្សារហ៊ុនហុងកុង។
តាមពិតទៅ Alibaba ធ្លាប់បានចុះបញ្ជីជួញដូរនៅលើផ្សារហ៊ុនហុងកុងកាលពីឆ្នាំ ២០១៩ ដោយអនុញ្ញាតឲ្យមានការលក់ភាគហ៊ុនបន្ទាប់បន្សំ Secondary Listing ប៉ុន្តែការស្នើថ្មីនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនយក្សនេះលក់ភាគហ៊ុនមួយប្រភេទទៀតគឺ ភាគហ៊ុនបឋម Primary Listing។
ការចុះឈ្មោះនេះធ្វើឡើង ក្រោយ Hong Kong Stock Exchange បានប្រកាសច្បាប់ថ្មីកាលពីខែមករា ដែលអនុញ្ញាតឲ្យក្រុមហ៊ុនចិនទាំងអស់ មានសិទ្ធបំបែកហ៊ុនលក់ជា ២ ប្រភេទបាននៅក្នុងតំបន់។
សូមជម្រាបដែរថា Alibaba បានបង្ហើបឲ្យដឹងថា ការលក់ភាគហ៊ុន ២ ប្រភេទ គឺផ្ដល់ភាពងាយស្រួលដល់អតិថិជនគ្រប់គ្នា ពោល Primary Listing នឹងធ្វើឲ្យអតិថិជននៅចិនកាន់តែងាយស្រួលទិញ ខណៈជនបរទេសនៅតែអាចទិញ Secondary Listing បានដូចគ្នា៕