China Evergrande Group ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាប់ឈ្មោះជំពាក់បំណុលគេច្រើនបំផុតរបស់ពិភពលោក ថ្មីៗនេះ ត្រូវបានប្រកាសថាពួកគេនឹងធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ ខណ:នេះមិនត្រឹមតែអាចកំណត់ជោគវាសនារបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចធ្វើឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង អាចយកឈ្នះទៅលើវិបត្តិអចលនទ្រព្យ ដែលកាន់តែដុនដាបទៅផងដែរ ។
ជាមួយនឹងបំណុលវ័ណ្ឌកប្រមាណ ៣០០ លានដុល្លារ ក្រុមហ៊ុន Evergrande បានធ្លាក់ចូលទៅក្នុងវិបត្តិសាច់ប្រាក់យ៉ាងធ្ងន់ធរបំផុត កាលពីឆ្នាំមុន នៅពេលដែលក្រុមហ៊ុនខ្នាតយក្សមួយនេះ បានព្យាយាមរើបម្រាស់ ជាមួយនឹងការសងបំណុលសម្រាប់អ្នកផ្គត់ផ្គង់ ម្ចាស់បំណុល និងអ្នកវិនិយោគនៅក្នុងគម្រោងរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលចិន បានចាប់ផ្តើមធ្វើវិធានការយ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងចំពោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាប់បំណុលច្រើនហួសហេតុ ។
គួរឱ្យដឹងថា វិបត្តិសាច់ប្រាក់នេះ បានធ្វើឱ្យក្រុមហ៊ុន Evergrande ជាប់បំណុលនៅក្រៅប្រទេស ប្រមាណ ២២,៧ ពាន់លានដុល្លារ ដោយបូករួមទាំងប្រាក់កម្ចី និងមូលបត្របំណុលឯកជន ។ ហើយក្រោយមក វិបត្តិនេះបានទាញក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនតូច ធំផ្សេងទៀត ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពយ៉ាប់យ៉ឺនផងដែរ ដោយសារតែខកខាន ក្នុងការទូទាត់បំណុល ។
ដោយឡែក Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍនអចលនទ្រព្យលក់ដាច់បំផុតរបស់ប្រទេសចិន បានប្រកាសថាខ្លួន នឹងធ្វើការរៀបចំរចនាសម្ព័ន្ធបំណុល នៅក្រៅប្រទេសឡើងវិញ នៅចុងខែកក្កដា ស្របពេលវាត្រូវបានគេរំពឹងថា នឹងក្លាយជាគំរូដ៏ល្អសម្រាប់ក្រុមហ៊ុនផ្សេងទៀត ដែលកំពុងមានវិបត្តិសាច់ប្រាក់ដូចគ្នានោះ ។
តែទោះជាយ៉ាងណាក៏ដោយ សំណើរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ នឹងត្រូវធ្វើឡើង នៅចំពេលដែលលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសចិន កាន់តែធ្លាក់ចូលក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង ហើយវិស័យអចលនទ្រព្យ ក្នុងប្រទេសកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដែលមិនធា្លប់មានពីមុនផងដែរ ៕