ដូចដែលប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា កន្លងមកឥណ្ឌូណេស៊ីបានព្យាយាមអូសទាញវិនិយោគិនក្រៅប្រទេសធំៗ ជាពិសេសគឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដូចជា Tesla ជាដើម មកបណ្ដាក់ទុននៅក្នុងស្រុក។
បើសិនជា Tesla សម្រេចចិត្តមកបណ្ដាក់ទុននៅប្រទេសនៅអាស៊ីអាគ្នេយ៍ពិតមែន នោះវានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជាផ្ដល់ឱកាសការងារ បង្កើនប្រាក់ចំណូលក្នុងស្រុកជាដើម ប៉ុន្តែក្នុងនោះក៏មានមតិប្រឆាំងមួយចំនួនផងដែរ។
យោងតាមការចុះផ្សាយពី ABC បានឲ្យដឹងថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានទទូចឲ្យ Elon Musk មេធំ Tesla កុំធ្វើការវិនិយោគនៅប្រទេសឥណ្ឌូណេស៊ី ដោយសារបារម្ភខ្លាចប៉ះពាល់ដល់បរិស្ថាននៅទីនោះ។
មូលហេតុដែលធ្វើឲ្យអង្គការក្រៅរដ្ឋាភិបាលមានការព្រួយបារម្ភ គឺដោយសារឥណ្ឌូណេស៊ីជាប្រភពដ៏ធំបំផុតលើលោកសម្រាប់សារធាតុនីកែល ដែលជាកត្តាសំខាន់មួយក្នុងការផលិតអាគុយរថយន្ត ហើយបើសិនជាមានការសាងសង់រោងចក្រនៅទីនោះ វាជៀសមិនផុតឡើយពីការចោលសំរាមទៅក្នុងសមុទ្រ។
កត្តាចំបងមួយទៀតដែលអង្គការក្រៅរដ្ឋាភិបាលបារម្ភបំផុតគឺ ការកាប់ព្រៃជីករ៉ែនីកែល ដែលនឹងបណ្ដាលឲ្យមានជាទឹកជំនន់ និងធ្វើឲ្យទឹកសមុទ្រ ទន្លេ បឹងបួក្លាយជាតំបន់មានជាតិពុល។ ទាក់ទងនឹងបញ្ហាមួយនេះ Reuters នៅមិនអាចសុំការបំភ្លឺពី Tesla បាននៅឡើយ៕