ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo គឺជាមេដឹកនាំបរទេសដំបូងគេដែលបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងខែកុម្ភៈ។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងរយៈពេល៣ថ្ងៃនៅទីក្រុងប៉េកាំង នាថ្ងៃអង្គារ ទី២៦ ខែកក្កដានេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក Xi Jinping ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។
លើកឡើងក្នុងជំនួបនោះ លោក Jokowi បានគូសបញ្ជាក់ថា «ចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ឥណ្ឌូនេស៊ី ដែលត្រូវតែបំពេញភាពជាដៃគូនេះ ជាមួយនឹងកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ ហើយក្នុងពេលតែមួយសម្រាប់តំបន់ និងពិភពលោកទាំងមូល»។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា លោក Widodo គឺជាប្រមុខរដ្ឋដំបូងគេដែលភាគីចិនបានទទួលបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយលោកបានអះអាងថា «នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា តើទំនាក់ទំនងរវាងភាគីទាំងពីរមានភាពស្និតស្នាលប៉ុណ្ណា»៕
