នៅក្នុងឆ្នាំនេះ វិស័យអចលនទ្រព្យនៅប្រទេសចិនហាក់កំពុងដាំក្បាលចុះយ៉ាងខ្លាំង រហូតដល់ថ្នាក់អតិថិជនមួយចំនួនធំ ធ្វើកូដកម្មឈប់ចង់បង់លុយសម្រាប់គម្រោងដែលសាងសង់មិនរួចរាល់។
ទន្ទឹមនឹងនោះ មេធំក្រុមហ៊ុន Country Garden ដែលធ្លាប់ទទួលរហស្សនាមជាស្ត្រីមានបំផុតនៅអាស៊ី បានរបូតតំណែងមួយនេះ បន្ទាប់ពីប្រទេសចិនជួបវិបត្តិអចលនទ្រព្យធ្ងន់ធ្ងរ បណ្ដាលឲ្យទ្រព្យសម្បត្តិរបស់អ្នកស្រីបាត់បង់អស់ប្រហែលពាក់កណ្ដាល។ នេះបើតាមការចុះផ្សាយពី Bloomberg។
អ្នកស្រី Yang Huiyan ធ្លាប់មានទ្រព្យសម្បត្តិច្រើនជាង ២០ ពាន់លានដុល្លារកាលពីដើមឆ្នាំ ២០២២ ប៉ុន្តែ ៧ ខែក្រោយមក ទ្រព្យសម្បត្តិរបស់អ្នកស្រីបានថយមកសល់ត្រឹមប្រហែល ១៣ ពាន់លានដុល្លារ របូតអស់ជាងពាក់កណ្ដាលឯណោះ។
សូមជម្រាបដែរថា វិស័យអចលនទ្រព្យនៅប្រទេសចិនកំពុងធ្លាក់ក្នុងសភាពវឹកវរជាខ្លាំង រហូតដល់រដ្ឋាភិបាលស្នើសុំឲ្យធនាគារជាច្រើន ចេញមុខដោះស្រាយបញ្ហាមួយនេះ ដូចជាការផ្ដល់មូលនិធិ និងកម្ចីដែលមានការប្រាក់ទាបទៅកាន់ក្រុមអភិវឌ្ឍអចលនទ្រព្យជាដើម៕