ឥណ្ឌូនេស៊ី សន្យាធ្វើឱ្យពាណិជ្ជកម្មជាមួយចិន កាន់តែស៊ីជម្រៅ ក្រោយដំណើរទស្សនកិច្ចរបស់លោក Widodo

អន្តរជាតិ

នៅក្នុងពេលកន្លងទៅនេះ ប្រទេសឥណ្ឌូនេស៊ី បានសន្យាថានឹងបន្តកធ្វើកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងបន្ថែមទៀត ជាមួយប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំមួយ ក្នុងទីក្រុងប៉េកាំង រវាងប្រធានាធិបតី លោក Joko Widodo និង Xi Jinping ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាមរបស់ឥណ្ឌូនេស៊ី បាននិយាយនៅក្នុងឱកាសនោះថា ប្រទេសខ្លួននឹងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសនៅលើវិស័យកសិកម្ម ស្របពេលរដ្ឋាភិបាលទីក្រុងហ្សាកាតា កំពុងព្យាយាមបង្កើនការនាំចេញរបស់ខ្លួន នៅចំពេលប្រទេសចិន បានផ្តោតទៅលើសន្តិសុខស្បៀងអាហារ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

ការសន្យានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចដ៏កម្រ ខណ:លោក Widodo គឺជាប្រមុខរដ្ឋដំបូងគេ ដែលភាគីចិនបានទទួលស្វាគមន៍ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវ​រងា​នៅទីក្រុងប៉េកាំងមក ។

បញ្ជាក់ផងដែរថា ការបេ្តជ្ញាចិត្តរបស់ប្រទេសចិន ដែលចាត់ទុកឥណ្ឌូនេស៊ី ជាដៃគូពាណិជ្ជកម្មទី ១ របស់ខ្លួន ក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ អាចរាប់បានថាជាជ័យជម្នះផ្នែកសេដ្ឋកិច្ចសម្រាប់លោក Widodo ដូចដែលប្រធានាធិបតីរូបនេះ ធ្លាប់បានប្រកាសយ៉ាងទូលំទូលាយពីមុនមក ។

គួរឱ្យដឹងថា ឥណ្ឌូនេស៊ី គឺជាប្រភពដ៏សំខាន់ សម្រាប់រ៉ែនីកែល ធ្យូងថ្ម ទង់ដែង និងឧស្ម័នធម្មជាតិ សម្រាប់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោក។ ហើយនៅឆមាសទី១ នៃឆ្នាំ ២០២២ នេះ ការនាំចូលរបស់ចិន ពីឥណ្ឌូនេស៊ី ដែលភាគច្រើនជាទំនិញ បានកើនឡើងដល់ ៣៤% ពីមួយឆ្នាំទៅមួយឆ្នាំ ។

មិនតែប៉ុណ្ណោះ ប្រទេសឥណ្ឌូនេស៊ី ក៏បាននិយាយទៀតផងដែរថា ប្រទេសចិន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការនាំចូលប្រេងដូចឆៅមួយលានតោនបន្ថែមទៀត ពីប្រទេសរបស់ខ្លួន ៕