បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចទូទាំងពិភពលោកកំពុងស្ថិតក្នុងសភាពរញ៉េរញ៉ៃ ដែលបង្កមកពីការធ្វើសង្គ្រាម និងការរាតត្បាតជំងឺជាដើម ហើយវាបានធ្វើឲ្យស្ថានការណ៍ផ្សារហ៊ុនធំៗមានសភាពមិនប្រក្រតី។
ជាលទ្ធផល ក្រុមមហាសេដ្ឋីជាច្រើនបានរបូតទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ តួយ៉ាងដូចជា វិនិយោគិនលើវិស័យ Cryptocurrency ជាដើម ដែលបានខូចខាតយ៉ាងដំណំ ពោលស្ថាបនិក Binance បានរបូតលុយអស់រាប់សិបពាន់លានដុល្លារឯណោះ។
ថ្វីបើក្រុមមហាសេដ្ឋីភាគច្រើនទទួលរងការខូចខាតពីឥទ្ធិពលផ្សារហ៊ុន និងវិបត្តិសេដ្ឋកិច្ចក៏ពិតមែន ប៉ុន្តែស្ថាបនិក Microsoft លោក Bill Gates ខុសពីអ្នកឯទៀតបន្តិច ពោលទ្រព្យសម្បត្តិរបស់លោកក៏របូតអស់ច្រើនដូចគ្នា ប៉ុន្តែមួយចំណែកធំគឺ កើតឡើងដោយសារការធ្វើសប្បុរសធម៌។
យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ Bill Gates បានថយចុះប្រហែល ២៦ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅ ខណៈគិតត្រឹមពាក់កណ្ដាលខែកក្កដា មហាសេដ្ឋីរូបនេះ បរិច្ចាគទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារ។
សូមជម្រាបដែរថា កាលពីប៉ុន្មានសប្ដាហ៍មុន មហាសេដ្ឋីលំដាប់ពិភពលោករូបនេះទម្លាយថា លោកមានបំណងចង់បរិច្ចាគទឹកប្រាក់ទាំងអស់របស់លោក និងចុះចេញពីតំណែងមហាសេដ្ឋីពិភពលោក។ នេះបើតាមការបង្ហោះសារនៅលើគណនី Twitter ផ្លូវការរបស់ស្ថាបនិក Microsoft៕