យោងតាមក្រសួងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota Motor Corp គ្រោងនឹងដាក់លុយវិនិយោគ ២៧,១ ទ្រីលានរូព្យ៉ា (១,៨០ ពាន់លានដុល្លារ) ដើម្បីផលិតរថយន្តអគ្គិសនី (EVs) នៅក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA កាលពីថ្ងៃពុធ ទី ២៧ ខែកក្កដា ។
ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងមានបំណងចង់ក្លាយជាមជ្ឈមណ្ឌលធំជាងគេលើពិភពលោក ក្នុងការផលិត និងនាំចេញរថយន្តអគ្គិសនី តាមរយ:ប្រភពធនធានរ៉ែនីកែលដ៏សម្បូរបែបរបស់ខ្លួន ក្នុងការប្រើប្រាស់សម្រាប់ផលិតអាគុយ EV ។
ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុនធំៗមួយចំនួនទៀត បានប្រកាសរួចហើយ នូវផែនការវិនិយោគរបស់ខ្លួន នៅក្នុងតំបន់ នៃប្រទេសនេះ ដូចជា Hyundai Motor Group របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន LG Energy Solutionsដែលជាបុត្រសម្ព័ន្ធរបស់ LG Group នៃប្រទេសជប៉ុន ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Toyota បានធ្វើការបណ្តាក់ទុន ចំនួន ១៤ ទ្រីលានរូព្យ៉ា រួចទៅហើយ នៅក្នុងប្រទេសរបស់ខ្លួនន ចាប់តាំងពីឆ្នាំ ២០១៩ មក ។
រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនន ២៧០ លាននាក់ កំពុងមានបំណងលក់តែរថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី នៅត្រឹមឆ្នាំ ២០៥០ ដើម្បីជំនួសរថយន្ត ដែលដំណើរការដោយចំហេះប្រេងឥន្ធន: នៅពេលពួកគេ កំពុងព្យាយាមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ។
មិនតែប៉ុណ្ណោះ ក៏បានកំណត់គោលដៅ ឱ្យមានម៉ូតូអគ្គិសនី ចំនួន ១៣ លានគ្រឿង រួមជាមួយរថយន្តអគ្គិសនី ២,២ លានគ្រឿង បើកបរនៅលើដងផ្លូវរបស់ខ្លួន នៅត្រឹមឆ្នាំ ២០៣០ ផងដែរ ៕