រឿងរ៉ាវអាស្រូវអំពីការលួចលាក់ទាក់ទងគ្នារវាង Elon Musk និងអតីតភរិយាពួកម៉ាក Sergey Brin អ្នកស្រី Nicole Shanahan រហូតដល់ធ្វើឲ្យចំណងស្នេហាសហស្ថាបនិក Google ឈានដល់ផ្លូវបំបែក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal។

ប៉ុន្តែអំណះអំណាងទាំងនោះ ត្រូវបានច្រានចោលភ្លាមៗពីសំណាក់មហាសេដ្ឋីមានបំផុតលើលោក ជាមួយនឹងការបង្ហោះសារលើ Twitter ផ្លូវការថា លោក និង Nicole ធ្លាប់ជួបគ្នាតែ ២ ដងគត់ក្នុងរយៈពេល ៣ ឆ្នាំ ហើយសុទ្ធតែនៅក្នុងកម្មវិធីមនុស្សជាច្រើន។

យ៉ាងណា WSJ នៅតែប្រកាន់ជំហរលើការចុះផ្សាយរបស់ខ្លួន ខណៈ Elon Musk បានទម្លាយថា អ្នកស្រី Nicole គួរតែដាក់ពាក្យប្ដឹង WSJ ក្នុងករណីបរិហារកេរ្តិ៍។

“ក្នុងនាមជា បុគ្គលសាធារណៈ លទ្ធភាពឈ្នះក្ដីបរិហារកេរ្តិ៍រវាងសារព័ត៌មានធំៗ និងខ្ញុំគឺស្ទើរតែស្មើសូន្យ។ ប៉ុន្តែ Nicole មិនមែនជាបុគ្គលសាធារណៈឡើយ ដូច្នេះលទ្ធភាពឈ្នះក្ដីគឺមានច្រើន ខ្ញុំរំពឹងថា នាងនឹងប្ដឹងពួកគេ។ ម៉្យាងទៀតខ្ញុំបាននិយាយជាមួយ Sergey កាលពីម្សិលមិញ ហើយគាត់បានប្រាប់ថា គាត់មិនបានផ្ដល់កិច្ចសម្ភាសន៍អ្វីជាមួយ WSJ ទាល់តែសោះ”៕