ឆ្នាំ ២០២២ នេះ អាចនិយាយបានថា ស្ទើរគ្រប់រថយន្តទាំងអស់សុទ្ធតែត្រូវបានរចនាឡើងក្នុងបរិបថថ្មី រូបរាងថ្មី បច្ចេកវិទ្យាថ្មីស្ទើរទាំងស្រុង តួយ៉ាងដូចជា Chevrolet បានទម្លាក់រថយន្ត Colorado 2023 ដែលពួកគេដាក់ឈ្មោះថា All New Chevrolet Colorado។

ទន្ទឹមនឹងនោះ គេហទំព័រលក់រថយន្តក្នុងស្រុក Square Car ក៏បានរៀបរាប់យ៉ាងលំអិតពី Spec នៃរថយន្តសេរី Pick Up ដ៏ទំនើបមួយនេះផងដែរ ដោយបានបញ្ជាក់ថា Colorado 2023 នឹងមានជម្រើសដល់ទៅ ៥ ម៉ូដែលគឺ WT, LT, TRAIL BOSS, Z71 និង ZR2 ខណៈម៉ូដែលទាំងអស់គឺមានរូបរាងដូចគ្នា ប៉ុន្តែម៉ាស៊ីនទើបជារឿងដែលត្រូវជជែកគ្នា។

សម្រាប់ម៉ូដែល WT និង LT នឹងបំពាក់ជាមួយនូវម៉ាស៊ីនសាំង ៤ ស៊ីឡាំង ទំហំ ២,៧ លីត្រ Turbocharged កម្លាំង 237hp និងកម្លាំងរមួល 259 Lb-Ft ខណៈម៉ូដែល Z71 និង Trail Boss វិញបំពាក់នូវម៉ាស៊ីនទំហំ ២,៧ លីត្រ Turbo Plus កម្លាំង 310 hp និងកម្លាំងរមួល 390 Lb-Ft។

អ្វីដែលកាន់តែអស្ចារ្យគឺ ជម្រើសម៉ាស៊ីន ២,៧ លីត្រ Turbo High-Output កម្លាំង 310 Hp និងកម្លាំងរមួល 430 Lb-Ft ដែលបានបំពាក់មកលើម៉ូដែល ZR2 ដែលគ្រប់គ្នាចាត់ទុកជាម៉ូដែលខ្ពស់បំផុតរបស់ Colorado។


សូមជម្រាបដែរថា សម្រាប់ម៉ាស៊ីនគ្រប់ជម្រើសនឹងបំពាក់មកជាមួយនូវប្រអប់លេខ ៨ វគ្គអូតូ ខណៈរចនាបថទាំងក្រៅ និងក្នុងគឺមានការកែប្រែថ្មីស្រឡាងពី Colorado សេរីមុនៗ ហើយបច្ចេកវិទ្យាគឺកាន់តែទំនើបដូចជា បំពាក់ជាមួយនូវមុខងារបើកបរគ្រប់ស្ថានភាពផ្លូវជាដើម៕