បើនិយាយដល់រឿងធានារ៉ាប់រង គឺត្រូវបានរកឃើញដំបូងដោយ លោក Benjamin Franklin នៅក្នុងទឹកដីសហរដ្ឋអាមេរិក នៅពេលដែលលោកបានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Philadelphia Contributionship នៅក្នុងឆ្នាំ ១៧៥១ ហើយវាត្រូវបានចាត់ទុកថាជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់ការធានារ៉ាប់រងចំពោះអគ្គីភ័យ។
ដោយឡែក សម្រាប់ការធារ៉ាប់រងលើរថយន្តវិញ គឺត្រូវបានគេយល់ឃើញថា បានកើតមាននៅមុនសម័យកាលរបស់ លោក Ben Franklin បន្តិច ប៉ុន្តែវាមិនមានការទទួលស្គាល់ទូលំទូលាយនោះឡើយ ។
លុះដល់ឆ្នាំ ១៨៩១ គ្រោះថ្នាក់ចរាចរណ៍ដំបូងបង្អស់បានកើតឡើង នៅពេលដែលលោក James William Lambert ដែលត្រូវស្គាល់ថាជាអ្នកបង្កើតរថយន្ត បានបើកបុកជាមួយឬសឈើ បណ្តាលឱ្យគាត់បាត់បង់ការគ្រប់គ្រង និងបន្តបុកជាបង្គោលភ្លើងបន្ថែមទៀត។ ជាសំណាងល្អ លោក Lambert និងអ្នករួមដំណើរជាមួយគាត់ មិនបានរងរបួសធ្ងន់ធ្ងរនោះឡើយ ។
ហើយរហូតដល់ឆ្នាំ ១៨៩៧ គោលការណ៍ចំពោះការធានារ៉ាប់រងលើរថយន្តដំបូងបំផុត ត្រូវបានចេញទៅឱ្យ លោក Gilbert J. Loomis នៅក្នុងទីក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក ដោយ លោក Loomis បានទិញយកសេវាពីក្រុមហ៊ុនធានារ៉ាប់រង Travelers ក្នុងតម្លៃ ១ ០០០ ដុល្លារ សម្រាប់ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុរបស់គាត់ ប្រសិនបើរថយន្តរបស់គាត់ប៉ះត្រូវនរណាម្នាក់ ឬខូចខាតចំពោះផ្នែកណាមួយនៃរថយន្ត ។
Massachusetts និង Missouri នៅក្នុងឆ្នាំ ១៩០៣ បានក្លាយជារដ្ឋដំបូងគេ ដែលតម្រូវឱ្យអ្នកបើកបរទទួលបាន និងកាន់ប័ណ្ណបើកបរ ដែលជាការរឹងបន្តឹងទៅលើការបើកបរដំបូងបំផុត។ ហើយរហូតមកដល់ឆ្នាំ ១៩២៧ រដ្ឋ Massachusetts បានបង្កើតប្រវត្តិសាស្រ្ត ដោយបានក្លាយជារដ្ឋដំបូងគេ ដែលតម្រូវឱ្យម្ចាស់រថយន្តទាំងអស់ ចាំបាច់ត្រូវតែទិញយកធានារ៉ាប់រងរថយន្ត ។
នៅ ២៩ ឆ្នាំក្រោយមក រដ្ឋផ្សេងទៀត បានចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍ នៃច្បាប់ធានារ៉ាប់រងរថយន្តជាកាតព្វកិច្ច ហើយបានអនុវត្តតាមការដឹកនាំរបស់ រដ្ឋ Masssachusetts ដោយទីក្រុងញូវយ៉ក ចាប់ផ្តើមមុនគេ និង North Carolina បានអនុវត្តបន្ទាប់ ។
រហូតមកទល់សព្វថ្ងៃនេះ ការធានារ៉ាប់រងចំពោះយានយន្តពិតជាមានសារ:សំខាន់ខ្លាំង គឺដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ព្រោះថាប្រសិនមានករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រងទេនោះ ពេលមានគ្រោះថ្នាក់នៅលើដងផ្លូវ រាល់ការចំណាយ ឬខូចខាត នឹងត្រូវប្រើប្រាស់ប្រាក់របស់ខ្លួនផ្ទាល់ ។
ទន្ទឹមនឹងនេះផងដែរ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងកំណត់ឱ្យរថយន្តឯកជនគ្រប់ប្រភេទទាំងអស់ ត្រូវតែមានការធានារ៉ាប់រងជាកាតព្វកិច្ច ដែលអាចនឹងអនុវត្តជាផ្លូវការ ចាប់ពីឆ្នាំ២០២២នេះតទៅតែម្តង។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងក្នុងឱកាសចូលរួមក្នុងទិវាធានារ៉ាប់រង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៕