កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សារព័ត៌មាន CNA បានចុះផ្សាយថា ធនាគារពិភពលោកនឹងមិនមានគម្រោងផ្ដល់ជំនួយបន្ថែមដល់ប្រទេសស្រីលង្កាដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរទៀតទេ។

នៅក្នុងលិខិតដែលចេញដោយ World Bank ផ្ទាល់ បានឲ្យដឹងថា ស្រីលង្កាចាំបាច់ត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធដែលផ្ដោតសំខាន់លើស្ថិរភាពសេដ្ឋកិច្ច និងការដោះស្រាយឫសគល់នៃបញ្ហាដែលកំពុងកើតមាន ដែលបណ្ដាលឲ្យកើតជាបញ្ហាចំបងផ្សេងៗដូចជា កង្វះខាតចំណីអាហារ ប្រេង និងថ្នាំសង្កូវ។

បន្ថែមពីនោះ ធនាគារពិភពលោកក៏កំពុងសិក្សាឡើងវិញពីគោលបំណងនៃប្រាក់កម្ចីដែលមានស្រាប់ ក្នុងការជួយសម្រួលដល់កត្តាសំខាន់ៗដែលប្រជាជនស្រីលង្កាកំពុងជួបប្រទះ ដូចជាកង្វះខាតថ្នាំសង្កូវ ហ្គាស ជី អាហារូបត្ថម្ភសម្រាប់កុមារ និងថវិកាមួយចំនួនសម្រាប់ប្រជាជននៅទីនោះ។

សូមជម្រាបដែរថា ស្រីលង្កាបានប្រកាសភាពអាសន្នតាំងពីថ្ងៃទី ១៣ ខែកក្កដា បន្ទាប់ពីក្រុមបាតុករសម្រុកចូលភូមិគ្រឹះអតីតប្រធានាធិបតី Gotabaya Rajapaksa ដើម្បីទាមទារឲ្យលោកចុះចេញពីតំណែង៕