ក្រុមហ៊ុនផលិតរថយន្ត Lamborghini គឺមានឈ្មោះល្បីរន្ទឺពាសពេញពិភពលោក ហើយសូម្បីតែនៅប្រទេសកម្ពុជាផ្ទាល់ក៏មានតំណាងចែកចាយរថយន្តលំដាប់ពិភពលោកនេះផងដែរ។


កាលពីពេលថ្មីៗនេះ តំណាងចែកចាយនៅកម្ពុជាបានសម្ពោធរថយន្ត Lamborghini មួយប្រភេទមានឈ្មោះថា Lamborghini Huracan Tecnica ដែលជាកំពូលរថយន្តស្ព័រដែលមនុស្សជាច្រើនប្រាថ្នា ចង់អង្គុយក្នុងឡានអភិជនមួយនេះ។



ក្រឡេកមកមើលលក្ខណៈពិសេសរបស់កំពូលរថយន្តមួយនេះវិញ បានបំពាក់ជាមួយម៉ាស៊ីន V10 និងមានកម្លាំងរមួល ៥៦៥ Nm អាចបើកបរដល់ល្បឿន ៣២៥ គីឡូម៉ែត្រ/ម៉ោង អាចជាន់ពីល្បឿន ០-១០០ គម/ម ប្រើពេលត្រឹម ៣,២ វិនាទី ឬពី ០-២០០ គម/ម ប្រើត្រឹម ៩,១ វិនាទី។


រថយន្តលំដាប់ជាន់ខ្ពស់មួយនេះ ស៊ីសាំងប្រហែល ១៤,៥ លីត្រសម្រាប់ការបើកបរ ១០០ គីឡូម៉ែត្រ និងមានធុងសាំងផ្ទុកបានចំណុះ ៨០ លីត្រ ខណៈរចនាបថខាងក្នុងវិញ គឺរឹតតែស៊ីវិល័យទំនើប សក្ដិសមឥតខ្ចោះសម្រាប់អ្នកជំនួញគ្រាក់ៗ មហាសេដ្ឋីក្នុងការកាន់ចង្កូតនៃរថយន្តមានឡូហ្គោរូបគោជល់។



អ្វីដែលកាន់តែអស្ចារ្យនោះគឺ អតិថិជនអាចមានសិទ្ធកុម្ម៉ង់នូវពណ៌របស់រថយន្តបានតាមចិត្ត និងអាចលេងគ្រឿងឡានបានតាមស្តង់ដារបន្ថែមផងដែរ តាមរយៈការ Pre-Order ជាមួយក្រុមហ៊ុនដោយផ្ទាល់៕