អ្នកតំណាងរុស្ស៊ី ដែល​នឹងចូលរួម​ប្រជុំនៅកម្ពុជា ជានរណា?

អន្តរជាតិ

នៅក្នុងឆ្នាំ ២០២២ នេះ កម្ពុជាទទួលបានតំណែងជាប្រធានអាស៊ាន ហើយព្រះរាជាណាចក្រកម្ពុជាយើង ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ រដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ក៏បានប្រកាសផងដែរថា កិច្ចប្រជុំកំពូលមួយនេះ មិនត្រឹមតែមានការចូលរួមពីរដ្ឋមន្ត្រីតំណាងប្រទេស នៅក្នុងតំបន់អាគ្នេយ៍អាគ្នេយ៍របស់យើងតែប៉ុណ្ណោះទេ ដោយក្នុងនោះ ក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសមហាអំណាចមួយចំនួន លើពិភពលោកទៀតផង ។

សម្រាប់កិច្ចប្រជុំអាស៊ានលើកទី ៥៥ ដែលមានរយ:ពេលជិតមួយសប្តាហ៍នេះ លោក Sergey Lavrov ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី ក៏នឹងត្រូវធ្វើដំណើរមកកាន់ទឹកដីប្រទេសកម្ពុជាផងដែរ ដើម្បីតំណាងឱ្យប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើង នៅឯសណ្ឋាគារលំដាប់ផ្កាយ ៥ គឺសណ្ឋាគារសុខាភ្នំពេញ ។

សម្រាប់វត្តមានរបស់ លោក Sergey Lavrov នេះផងដែរ ថ្ងៃនេះឧកញ៉ាញូវ សូមលើកយកប្រវត្តិត្រួសៗ របស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី ដ៏មានឥទ្ធិពលរូបនេះ មកធ្វើការបង្ហាញដូចតទៅ ៖

លោក Sergey Lavrov ឬស្គាល់ថា Sergey Victorovich Lavrov ជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជាអ្នកនយោបាយជើងចាស់ និងជាអ្នការទូតដ៏ល្បីល្បាញម្នាក់ ដោយគាត់គឺជាបុគ្គលដ៏សំខាន់បំផុតរបស់រុស្ស៊ី ក្នុងការបង្កើតទំនាក់ទំនងនយោបាយ និងអន្តរជាតិរវាងរុស្ស៊ី និងពិភពលោក ។

លោក Lavrov បានក្លាយជាសមាជិកដ៏សំខាន់របស់រដ្ឋាភិបាលរុស្ស៊ីអស់រយ:ពេលជាច្រើនទសវត្សរ៍មកហើយ ដោយបំបូងបង្អស់ នៅក្នុងនាមជាអ្នកតំណាងរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ និងចុងក្រោយធ្វើជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០០៤ មក ។

ងាកមកមកមើលជីវប្រវត្តិរបស់លោក Lavrov បន្តិច ដោយគាត់បានកើតនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ១៩៥០ នៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ដោយឪពុកមានដើមកំណើតជាជនជាតិអាមេនី និងម្តាយជាជនជាតិរុស្ស៊ី ។

សម្រាប់ប្រវត្តិនៃការសិក្សាវិញ លោក Lavrov បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ លោកបានចូលរៀន នៅក្នុងស្ថាប័នដ៏មានកិត្យានុភាពបំផុតមួយ នៅក្នុងប្រទេសរុស្ស៊ី គឺវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋម៉ូស្គូ ដែលជាកន្លែងលោកបានសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ និងបានបញ្ចប់ការសិក្សា នៅឆ្នាំ ១៩៧២ ។

អំឡុងពេលសិក្សានៅសកលវិទ្យាល័យ លោក Lavrov បានបង្កើនសមត្ថភាពរបស់លោកបន្ថែមទៀត ដោយចាប់យកការរៀនភាសាផ្សេងៗ ដូចជា Sinhalese , Dhivehi , អង់គ្លេស និង បារាំងជាដើម ។

បើនិយាយអំពីប្រវត្តិការងារវិញ លោក Sergey Lavrov បានចាប់ផ្តើមអាជីពដំបូងរបស់គាត់ នាទីប្រឹក្សា នៅស្ថានទូតសូវៀត ប្រចាំប្រទេសស្រីលង្កា ដោយនៅពេលនោះ គ្រប់និស្សិត ដែលបានបញ្ចប់ការសិក្សពីសាកលវិទ្យាល័យ ត្រូវបានគេណែនាំឱ្យទៅធ្វើការនៅក្រោមក្រសួងការបរទេស ។

ក្រៅពីបំពេញតួនាទីការទូត លោកជាអ្នកបកប្រែសម្រាប់ស្ថានទូតផងដែរ ហើយក៏ធ្វើជាលេខាផ្ទាល់របស់រដ្ឋមន្ត្រីស្ថានទូត ។ ហើយបន្ទាប់ពីកាន់តំណែងនៅប្រទេសស្រីលង្កា លោក Lavrov បានត្រលប់មកកាន់ទីក្រុងម៉ូស្គូវិញ នៅឆ្នាំ ១៩៧៦ ហើយចាប់ផ្តើមធ្វើការ នៅនាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេស ។

លុះដល់ឆ្នាំ ១៩៨១ លោក Lavrov ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់សហភាពសូវៀត នៅអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងញូវយ៉ក។ ហើយចាប់ពីឆ្នាំ ១៩៨១-១៩៨៨ លោកបានកាន់ការិយាល័យផ្សេងៗ នៅក្នុងក្រសួងការបរទេស និងបន្ទាប់មក លោកត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ នៅក្រសួងការបរទេសពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩០។ រហូតដល់ឆ្នាំ ១៩៩០ លោកបានបម្រើការជាប្រធាននាយកដ្ឋាននៃអង្គការអន្តរជាតិ និងបញ្ហាសកល ហើយបានបន្តកាន់តំណែងនេះ រហូតដល់ឆ្នាំ ១៩៩២។

ហើយដោយបានមើលឃើញពីបទពិសោធការងារដ៏ជោគជ័យ  លោក Lavrov ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០០៤ ដោយប្រធានាធិបតី លោក Vladimir Putin ។ ហើយ លោកត្រូវបានតែងតាំងជាថ្មី នៅឆ្នាំ ២០១២ ដោយនាយករដ្ឋមន្ត្រី លោក Dimitry Medvedev និងបានកាន់តំណែងនេះ យូរជាងរដ្ឋមន្ត្រីផ្សេងទៀត នៅក្នុងប្រវត្តិសាស្ត្រប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា លោក Sergey Lavrov ត្រូវបានចាត់ទុកថាជាការទូតដ៏ល្អឥតច្ចោះ ដោយលោកទទួលបានពានរង្វាន់កិត្តិយសពី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរស្ស៊ី នៅក្នុងឆ្នាំ ១៩៩៨ , ២០០៥ , ២០១០ និង ២០១៥  ៕