មកដឹងពីប្រវត្តិការងារ រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនឹងលេចវត្តមានលើទឹកដីកម្ពុជា

អន្តរជាតិ

លោក Antony J. Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ជាលើកដំបូង នៅថ្ងៃទី៣ ដល់ថ្ងៃទី ៥ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងការអញ្ជើញមកដល់របស់រដ្ឋមន្រី្តការបរទេសរបស់ប្រទេសមហាអំណាច នៅពាក់កណ្តាលសប្តាហ៍ក្រោយនេះ លោក Blinken នឹងបង្ហាញប្រាប់អាស៊ាន ជាពិសេសប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះ អំពីជំហររបស់អាមេរិក ទាក់ទិននឹងបញ្ហាក្នុងតំបន់ សម្រាប់កិច្ចប្រជុំកំពូលនេះ ។

ទន្ទឹមនឹងវត្តមានរបស់ លោក Blinken នៅក្នុងទឹកដីកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខ ថ្ងៃនេះឧកញ៉ាញូស៍ សូមលើកយកប្រវត្តិខ្លះៗ របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក រូបនេះ មកបង្ហាញឱ្យបានដឹង ។

លោក Antony Jonh Blinken កើតនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៩៦២ ដោយលោកគឺជាមន្ត្រីរដ្ឋាភិបាល និងអ្នកការទូតអាមេរិក ដែលបម្រើការជារដ្ឋលេខាធិការទី ៧១ របស់សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ មក ។

លោក Blinken បានចូលរៀននៅអនុវិទ្យាល័យទីក្រុងប៉ារីស ដោយទទួលបានបរិញ្ញាបត្រភាសាបារាំងជាន់ខ្ពស់ ស្របពេលលោកក៏បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Harvard College magna cum laude និងទទួលបានសញ្ញប័ត្របណ្ឌិត ពីសាលាច្បាប់ Columbia ផងដែរ។ ហើយមុនពេលចូលបម្រើការក្នុងជួររដ្ឋាភិបាល លោកធ្លាប់ធ្វើជាមេធាវីនៅទីក្រុងញូវយ៉ក និងប៉ារីស។

សម្រាប់ប្រវត្តិការងារវិញ លោក Blinken បានកាន់មុខតំណែងជាច្រើន នៅក្នុងរដ្ឋរបស់អតីតប្រធានាធិបតី គ្លីនតុន និងលោកអូបាម៉ា រួមទាំងធ្វើជំនួយការប្រធានាធិបតី ទីប្រឹក្សារងសន្តិសុខជាតិសំខាន់ៗ និងអនុរដ្ឋលេខាធិការទៀតផង ។

លោក Blinken បានចាប់ផ្តើមបម្រើការងារក្នុងជួររដ្ឋាភិបាលដំបូងរបស់លោក ក្នុងឆ្នាំ ១៩៩៣  នៅក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក កំឡុងរដ្ឋបាលអតីតប្រធានាធិបតីគ្លីនតុន។ លុះដល់ចន្លោះឆ្នាំ ២០០២-២០០៨ លោកត្រូវបានតែងតាំងជានាយកបុគ្គលិកប្រជាធិបតេយ្យសម្រាប់គណ:កម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ។

ហើយនៅចន្លោះឆ្នាំ ២០០៨ ដល់ ២០១៣ លោក Blinken បានចូលបម្រើការជាជំនួយការរងរបស់ប្រធានាធិបតី និងចន្លោះឆ្នាំ ២០១៣ ដល់ ២០១៥ ជាទីប្រឹក្សាសន្តិសុខជាតិ ខណ:ចន្លោះឆ្នាំ ២០១៥ ដល់ ២០១៧ ជាអនុរដ្ឋលេខាធិការ ។

បន្ទាប់ពីការបោះឆ្នោតរបស់អតីតប្រធានាធិបតី Donaldo Trump លោក Blinken ងាកមកវិស័យឯកជន ជាមួយនឹងការបើកក្រុមហ៊ុន WestExec Advisors ដែលជាក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្រ្តអន្តរជាតិ ផ្តោតទៅលើភូមិសាស្រ្តនយោបាយ និងសន្តិសុខជាតិ ។

លុះដល់ឆ្នាំ ២០២១ លោក Blinken ត្រូវបានតែងតាំង និងបញ្ជាក់ជារដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Joe Biden ។ ដោយអ្នកទាំង ២ ធ្លាប់បានធ្វើការជាមួយគ្នា ចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ ខណ:លោក Blinken ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើទស្សន:នយោបាយការបរទេស របស់សហរដ្ឋអាមេរិក ៕