កម្ពុជាបានទទួលភារកិច្ចជាម្ចាស់ផ្ទះ សម្រាប់ការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ដោយមាន ៣៩ ប្រទេសចូលរួម ខណៈទីតាំងប្រជុំនឹងធ្វើឡើងនៅសណ្ឋាគារសុខភ្នំពេញ ដែលជាលំដាប់សណ្ឋាគារផ្កាយ ៥។

សម្រាប់កិច្ចប្រជុំដែលធ្វើឡើងពីថ្ងៃទី ៣០ កក្កដាដល់ថ្ងៃទី ០៥ សីហាខាងមុខ ក៏នឹងមានវត្តមានរបស់ប្រទេសសេដ្ឋកិច្ចយក្សអាស៊ីគឺ ជប៉ុននឹងចូលរួមផងដែរ ដោយមានអ្នកតំណាងជារដ្ឋមន្ត្រីការបរទេសលោក Yoshimasa Hayashi។

មន្ត្រីវ័យ ៦១ ឆ្នាំរូបនេះ គឺមានសែស្រឡាយជាអ្នកនយោបាយតែម្ដង ពោលលោកគឺជាអ្នកនយោបាយជំនាន់ទី ៤ ប្រចាំត្រកូលរបស់លោក។ លោកបានបញ្ចប់ថ្នាក់សិក្សាបរិញ្ញាបត្រនៅ University of Tokyo និងបានរៀននៅសាលានយោបាយ John F. Kennedy School of Government នៃសាកលវិទ្យាល័យ Havard University។
កាលនៅអាមេរិកលោកធ្លាប់ជាបុគ្គលិកធ្វើការជាមួយអ្នកតំណាងអាមេរិក Stephen L. Neal និងព្រឹទ្ធសភាអាមេរិក William V.Roth, Jr. បន្ទាប់មកនៅឆ្នាំ ១៩៩២ លោកបានហក់ចូលឆាកនយោបាយនៅជប៉ុន ដោយបម្រើការដំបូងជាលេខារដ្ឋមន្ត្រីហិរញ្ញវត្ថុ Yoshiro Hayashi ដែលជាឪពុកបង្កើតរបស់លោក។

ឆ្នាំ ១៩៩៥ លោកបានជ្រើសរើសក្លាយជាសមាជិកសភា និងបានក្លាយជាមន្ត្រីការពារជាតិសម្រាប់ជួរគណរដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី ០១ សីហា ២០០៨។ ប៉ុន្តែកាន់តំណែងនេះបានតែ ២ ខែ លោកត្រូវបានជំនួសវិញដោយលោក Yasukazu Hamada ដែលជាការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី Taro Aso។

លុះដល់ឆ្នាំ ២០១២ លោក Hayashi ក៏ត្រូវបានទទួលតំណែងថ្មីគឺក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយរំលងបាន ៩ឆ្នាំ ពោលនៅថ្ងៃទី ០៦ ខែវិច្ឆិកា ២០២១ លោកក៏បានឡើងជារដ្ឋមន្ត្រីការបរទេស និងបានក្លាយជាប្រមុខការទូតជប៉ុនតំបូងដែលបានចូលរួមអង្គប្រជុំរដ្ឋមន្ត្រីការបរទេសរៀបចំដោយ NATO នៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិកកាលពីខែមេសា ២០២២កន្លងទៅ៕