មន្ត្រី​តំណាង​អូស្ត្រាលី​ចូលរួម​ប្រជុំ​នៅ​កម្ពុជា សាង​ស្នាដៃ​អស្ចារ្យ​ជាច្រើន​នៅ​លើ​ឆាក​នយោបាយ

អន្តរជាតិ

កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៥ នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ជា​សណ្ឋាគារ​ផ្កាយ​ ៥ លំដាប់​ពិភពលោក ដោយ​មានការ​ចូលរួម​ពី​ប្រទេស ៣៩ សរុប ខណៈ​មកទល់​នឹងពេល​នេះ ក៏​មាន​អ្នកតំណាង​ប្រចាំ​ប្រទេស​នីមួយៗ​បាន​មកដល់​ទីតាំង​នៃ​កិច្ច​ប្រជុំ​ហើយ​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​នោះ​ផងដែរ សម្រាប់​ប្រទេស​អូស្ត្រាលី​គឺ​មាន​លោកស្រី Penny Wong ជា​អ្នកតំណាង​សម្រាប់​កិច្ច​ប្រជុំ​ដ៏​ធំ​មួយនេះ ហើយ​ប្រិយមិត្ត​ប្រហែល​ជា​ចង់ដឹង​ថា តើ​រដ្ឋមន្ត្រី​ស្រី​រូបនេះ​ជា​អ្នកណា? មាន​ប្រវត្តិ​ស្នាដៃ​ការងារ​យ៉ាងម៉េច​ខ្លះ?

សម្រាប់​អត្ថបទ​មួយ​នេះ ឧកញ៉ាញូវស៍​នឹង​រៀបរាប់​ត្រួសៗ​ពី​ប្រវត្តិ​ការងារ និង​ស្នាដៃ​របស់​លោកស្រី Wong ដែល​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​លើ​ឆាក​នយោបាយ​អូស្ត្រាលី។ Penny Wong មាន​ឈ្មោះ​ពេញ​ Penelope Ying-Yen Wong និង​មាន​ឈ្មោះ​ចិន Huang Yingxian កើត​ថ្ងៃទី ០៥ ខែវិច្ឆិកា ១៩៦៨ នៅ​ប្រទេស​ម៉ាឡេស៊ី។

បើ​មើល​ពី​ឈាមជ័រ​វិញ លោកស្រី​គឺ​ជា​កូនកាត់ ៤ សាសន៍​ដោយ​មាន​ម្ដាយ​ជា​ជនជាតិ​អង់គ្លេស-អូស្ត្រាលី និង​ឪពុក​ជា​ជនជាតិ​ចិន-ម៉ាឡេស៊ី។ ក្រោយពី​ម្ដាយ​ឪពុក​បាន​ចែកផ្លូវគ្នា អ្នកស្រី​បាន​ចំណាកស្រុក​ពី​ម៉ាឡេស៊ី​មក​អូស្ត្រាលី​ជា​មួយ​ម្ដាយ និង​ប្អូនប្រុស ក្នុង​វ័យ​ត្រឹម ៨ ឆ្នាំ។

ដោយសារ​ភាព​ឆ្លាតវៃ​តាំង​ពីក្មេង Wong ទទួល​បាន​អាហារូបករណ៍​ស្ទើរ​ទាំងស្រុង​អំឡុង​ពេល​សិក្សា ហើយ​ក៏​បាន​បញ្ចប់​ថ្នាក់​សិក្សា​ជា​ស្ថាពរ​នៅ​សាកលវិទ្យាល័យ University of Adelaide ជាមួយ​នឹង​បរិញ្ញាបត្រ ២ គឺ​ Bachelor of Arts និង Bachelor of Laws។

មុន​នឹង​បោះ​ជំហាន​លើ​វិស័យ​នយោបាយ លោក​ស្រី​ Wong បាន​ប្រឡូក​លើ​វិស័យ​ដែល​ស្រដៀង​គ្នា គឺ​ចាប់យក​អាជីព​ជា​មេធាវី និង​ជា​ទីប្រឹក្សា​ផ្នែក​នយោបាយ លុះ​ដល់​ឆ្នាំ ២០០២ លោកស្រី​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​តំណាង​អូស្ត្រាលី​ខាងត្បូង និង​ឆ្នាំ ២០១៣ លោក​ស្រី​ឈ្នះ​ការ​បោះឆ្នោត​ជា​មេដឹកនាំ​ព្រឹទ្ធសភា​គណបក្ស​ការងារ​អូស្ត្រាលី (ALP) និង​បាន​ក្លាយជា​មេដឹកនាំ​រដ្ឋាភិបាល​នៅ​ព្រឹទ្ធសភា​ និង​ជា​រដ្ឋមន្ត្រីការបរទេស​ប្រចាំ​ប្រទេស​អូស្ត្រាលី​នៅ​ឆ្នាំ ២០២២។

អ្វី​ដែល​រឹត​តែ​ពិសេស​នោះ​គឺ លោកស្រី​ Wong គឺ​ជា​រដ្ឋមន្ត្រី​ស្រី​ដំបូង​នៃ​ក្រសួង​បម្រែបម្រួល​អាកាសធាតុ​ពី​ឆ្នាំ ២០០៧ ដល់ ២០១០ និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ពី​ឆ្នាំ ២០១០ ដល់ ២០១៣ សម្រាប់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​នាយករដ្ឋមន្ត្រី Julia Gillard និង Kevin Rudd។

មិនតែប៉ុណ្ណោះ កាលពី​ឆ្នាំ ២០០៨ លោកស្រី​ក៏​បាន​ក្លាយជា​ស្ត្រី​កើតនៅ​អាស៊ាន​តំបូង​ដែល​បាន​ក្លាយជា​សមាជិក​នៃ​គណរដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី ហើយក៏ជាស្ត្រីដំបូងគេដែលបើកចំហចំពោះអ្នកស្រឡាញ់ភេទដូចគ្នាឲ និង​ជាតួអង្គសំខាន់ក្នុងការធ្វើឱ្យស្របច្បាប់នៃអាពាហ៍ពិពាហ៍ភេទដូចគ្នានៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៧៕