លោក Subrahmanyam Jaishankar ឬគេនិយមហៅលោកថា S. Jaishankar នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ តំណាងឲ្យប្រទេសឥណ្ឌា ដែលមានកម្ពុជាជាប្រធាន ខណៈការប្រជុំនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ជាលំដាប់សណ្ឋាគារផ្កាយ ៥។
មន្ត្រីការបរទេសលើកទី ៣០ របស់ឥណ្ឌារូបនេះ គឺមានប្រវត្តិកាងារដ៏ពិសេស ពោលសម្រាប់ការដើរលើវិថីនយោបាយប្រមាណ ៣៨ ឆ្នាំកន្លងមក លោកទទួលបានបទពិសោធន៍ការងារ និងមុខតំណែងសំខាន់ៗជាច្រើន។
លោក S.Jaishankar កើតនៅថ្ងៃទី ០៩ មករា ១៩៥៥ ដោយមានឪពុកជាអ្នកវិភាគយុទ្ធសាស្ត្រកិច្ចការឥណ្ឌាមួយរូប និងបានប្រឡូកចូលឆាកនយោបាយតាំងពីក្មេង។ នៅឆ្នាំ ១៩៧៧ លោកបានចូលបម្រើការងារនៅនាយកដ្ឋានបរទេសឥណ្ឌា IFS និងទទួលបានបេសកកម្មទៅកាន់ប្រទេសរុស្ស៊ីពីឆ្នាំ ១៩៧៩ ដល់ ១៩៨១។
ក្រោយបំពេញបេសកកម្មរួចរាល់ លោកបានឡើងតំណែងជាជំនួយការពិសេសរបស់លោក Gopalaswami Parthasarathy និងទទួលភារកិច្ចជាអនុរដ្ឋលេខាធិការនៅផ្នែកទំនាក់ទំនងអាមេរិករបស់ក្រសួងការបរទេសឥណ្ឌា។
លុះដល់ឆ្នាំ ១៩៨៥ ដល់ ១៩៨៨ លោកបានក្លាយជារដ្ឋលេខាធិការតំបូងរបស់ឥណ្ឌាដែលធ្វើការនៅស្ថានទូតឥណ្ឌាប្រចាំទីក្រុង Washington, D.C ហើយពីឆ្នាំ ១៩៨៨ ដល់ ១៩៩០ លោកបានបម្រើការជារដ្ឋលេខាធិការតំបូង និងជាទីប្រឹក្សានយោបាយសម្រាប់ Indian Peacekeeping Force នៅប្រទេសស្រីលង្កា។
ក្រោយមកពីឆ្នាំ ១៩៩០ ដល់ ១៩៩៣ លោកបានចុះបេសកកម្មទៅទីក្រុង Budapest ក្នុងនាមជាទីប្រឹក្សាពាណិជ្ជកម្ម និងបានបម្រើការជានាយក (អឺរ៉ុបខាងកើត) នៅក្នុងក្រសួងកិច្ចការបរទេស និងជាលេខាធិការសារព័ត៌មាន ក៏ជាអ្នកនិពន្ធសុន្ទរកថាសម្រាប់ប្រធានាធិបតីឥណ្ឌា Shankar Dayal Sharma ។
បន្ថែមពីនោះ បុរសវ័យ ៦៧ ឆ្នាំមានបទពិសោធន៍ឆ្អែតឆ្អន់សម្រាប់មុខងារជាអគ្គរដ្ឋទូតប្រទេសឥណ្ឌាពោល នៅឆ្នាំ ២០០០ លោកបានក្លាយជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំសាធារណរដ្ឋឆេក និងនៅឆ្នាំ ២០០៧ ដល់ ២០០៩ លោកជាស្នងការជាន់ខ្ពស់ឥណ្ឌាប្រចាំប្រទេសសិង្ហបុរី។
ក្រោយបញ្ចប់ភារកិច្ចនៅប្រទេសសិង្ហបុរី លោកបានទទួលតំណែងដដែលជា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសចិន រយៈពេល ៤ ឆ្នាំកន្លះ និងបានបន្តតំណែងនេះនៅសហរដ្ឋអាមេរិកក្នុងខែកញ្ញា ២០១៣ មុនពេលមកកាន់តំណែងជារដ្ឋលេខាធិការបរទេសនៅឥណ្ឌាក្នុងឆ្នាំ ២០១៥។
រហូតដល់ថ្ងៃទី ៣១ ឧសភា ២០១៩ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសប្រចាំប្រទេសឥណ្ឌា បន្ទាប់ពីធ្វើសច្ចាសម្បថចូលគណរដ្ឋមន្ត្រីបានមួយថ្ងៃនៅថ្ងៃទី ៣០ ឧសភា ២០១៩។
សូមជម្រាបដែរថា បទពិសោធន៍ការងារដ៏ជោគជាំមួយនេះ បានធ្វើឲ្យលោក S.Jaishankar អាចនិយាយបានច្រើនភាសាដូចជា រុស្ស៊ី អង់គ្លេស តាមីល ហីនឌី និងអាចសន្ទនាជាភាសាជប៉ុន ចិន និងហុងគ្រីបានខ្លះៗ៕