បញ្ហាដែនទឹករវាងប្រទេសចិន និងជប៉ុនកំពុងមានភាពរកាំរកូសជាខ្លាំង សម្រាប់រយៈកាលចុងក្រោយ ដោយភាគីជប៉ុនអះអាងថា នាវាឆ្នាំសមុទ្រចិនបានឈ្លានពានចូលដែនទឹករបស់ខ្លួន។
ឆ្លៀតឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ដែលកម្ពុជាជាម្ចាស់ផ្ទះ លោក Yoshimasa Hayashi ជាមន្ត្រីការបរទេសជប៉ុន នឹងជួបជជែកដោយផ្ទាល់ជាមួយមន្ត្រីការបរទេសចិន Wang Yi ពីបញ្ហាដែលកំពុងកើតមានលើដែនទឹកមួយនេះ នៅថ្ងៃទី ០៤ សីហាខាងមុខ។ នេះបើតាមការចុះផ្សាយពី Kyodo។
ការជួបគ្នាលើកនេះ គឺជាលើកតំបូងសម្រាប់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ២ តាំងពីខែវិច្ឆិកា ២០២០ ដែលគ្រានោះចំពេលប្រទេសទាំង ២ កំពុងតឹងសរសៃកដាក់គ្នាខ្លាំង មុនពេលគម្រប់ខួប ៥០ ឆ្នាំនៃទំនាក់ទំនងទ្វេរភាគី។
ប្រភពបរទេសជាច្រើនបានបន្ថែមថា លោក Hayashi នឹងលើកយកបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែនជាប្រធានបទ ហើយទាមទារឲ្យចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងរដ្ឋាភិបាលមូស្គូ ទទួលខុសត្រូវនូវអ្វីដែលបានកើតឡើង ដ្បិតប្រទេសចិនបដិសេធមិនថ្កោលទោសប្រទេសរុស្ស៊ី។
បន្ថែមពីនោះ អ្នកតំណាងជប៉ុនក៏នឹងត្រៀមចាក់ចង្កេះចិនផងដែរពីការរំលោភសិទ្ធស្ថេរភាពអំពីកោះតៃវ៉ាន់ ក៏ដូចជាអំពាវនាវឲ្យមានការបោះឆ្នោតរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងថែមទៀត៕