កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ នឹងធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយ ៥ គឺសណ្ឋាគារសុខាភ្នំពេញ ពីថ្ងៃទី ៣០ កក្កដា ដល់ថ្ងៃទី ០៦ សីហា ២០២២។

ក្នុងកិច្ចប្រជុំដ៏សំខាន់នេះផងដែរ ក៏នឹងមានវត្តមានប្រទេសជាសមាជិកអាស៊ាន និងប្រទេសដទៃទៀតសរុប ៣៩ ប្រទេសចូលរួម ហើយក្នុងនោះប្រទេសថៃ នឹងបញ្ជូនលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ជាតំណាងនៃកិច្ចប្រជុំមួយនេះ។

យោងតាមការចុះផ្សាយពី Nationmultimedia បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃនឹងឆ្លៀតឱកាសមួយនេះដើម្បីផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរង្វង់បៃតង BCG ក្នុងគោលបំណងស្រោចស្រង់សេដ្ឋកិច្ចដែលអាស៊ានកំពុងជួបប្រទះ ដោយសារការរាតត្បាតកូវីដ ១៩ ក៏ដូចជាគាំទ្រពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីត្រៀមដោះស្រាយបញ្ហាជាសកលផងដែរ៕