សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅតែអូសបន្លាយអស់រយៈពេលរាប់ខែ គិតចាប់ពីចុងខែកុម្ភៈមកទល់បច្ចុប្បន្ន ខណៈការចំណាយរបស់ប្រទេសទាំង ២ លើសង្គ្រាមមួយនេះក៏អស់មិនតិចលានដុល្លារហើយដែរ។

ទន្ទឹមនឹងនោះ គេហទំព័រ CNN បានរាយការណ៍ថា រុស្ស៊ីកំពុងប្លន់យកមាសពីប្រទេសស៊ូដង់ ដោយបន្លំភ្នែកពិភពលោក ថាជាការជួញដូរទៅវិញ ស្របពេលគេជឿថា មាសទាំងនេះគឺជាកញ្ចប់ថវិកាទ្រទ្រង់ការចំណាយលើសង្គ្រាម។

បើយោងតាមសម្ដីរបស់បុគ្គលិកធ្វើការនៅក្នុងធនាគារកណ្ដាល Sudanese Central Bank បានបង្ហាញ CNN ពីទិន្នន័យមាសដែលបានបាត់ប្រមាណ ៣២,៧ តោនកាលពីឆ្នាំ ២០២១ បើគិតជាលុយបច្ចុប្បន្នគឺប្រហែល ១,៩ ពាន់លានដុល្លារឯណោះ។

ប៉ុន្តែអតីតមន្ត្រី និងមន្ត្រីបច្ចុប្បន្នសុទ្ធតែអះអាងថា ទិន្នន័យខាងលើគ្រាន់តែជាកំទេចតូចមួយនៃស្ថិតិពិតប្រាកដប៉ុណ្ណោះ ដោយពួកគេទម្លាយថា រដ្ឋាភិបាលស៊ូដង់ខ្វះការយកចិត្តទុកដាក់ចំពោះផលិតផលដែលបានមកពីរ៉ែមាសក្រៅផ្លូវការ និងមិនរវីរវល់ជាមួយនឹងការស្វែងរកទិន្នន័យច្បាស់លាស់។
បន្ថែមពីនោះ ភ្នាក់ងារសំងាត់របស់ CNN ជាច្រើនសុទ្ធតែអះអាងថា មាសប្រមាណ ៩០%របស់ស៊ូដង់ត្រូវបានរត់ពន្ធចេញ ហើយបើសិនវាជាការពិត នោះទឹកប្រាក់ប្រមាណ ១៣,៤ ពាន់លានដុល្លារត្រូវបានរបូតចេញពីដៃគយ ខណៈវាអាចនឹងធ្វើឲ្យចំណូលរដ្ឋខាតបង់រាប់រយលានដុល្លារ។

សូមជម្រាបដែរថា នេះមិនមែនជារឿងទើបនឹងកើតឡើងថ្មីថ្មោងឡើយ ពោលវាធ្លាប់បានកើតឡើងយ៉ាងហោចណាស់ ១៦ ដង ដូច្នេះបើគិតឲ្យមែនទែនទៅចំណូលរបស់រដ្ឋគឺរបូតមិនក្រោមពាន់លានដុល្លារឡើយ។ នេះបើតាមការចុះផ្សាយពី CNN៕