ថៃ កើបប្រាក់ចំណូលជាង ២,៥ ពាន់លានដុល្លារ ពីការនាំចេញផ្លៃឈើស្រស់ទៅប្រទេសចិន

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក Thanakorn Wangboonkongchana បានបង្ហាញឱ្យដឹងថា ប្រទេសថៃ បាននាំចេញផ្លែឈើជាង ១ លានតោន ដែលមានតម្លៃស្មើនឹង ៩២ ពាន់លានបាត (ប្រហែល ២,៥ ពាន់លានដុល្លារ) ទៅកាន់ប្រទេសចិន ក្នុងអំឡុងឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Thanakorn បានអះអាងទៀតថា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha មានគោលបំណង ក្នុងការបង្កើនការនាំចេញ លើវិស័យផ្សេងៗទៀត និងបានដាក់ចេញនូវគោលនយោបាយ គាំទ្រដល់ការលក់ផ្លែឈើ ទៅកាន់ក្រៅប្រទេសទៀតផង ។

អ្នកនាំពាក្យរូបនេះ បាននិយាយកាលពីចុងសប្តាហ៍មុនថា ការនាំចេញរបស់ប្រទេសថៃ បានកើនឡើង ១២,៧% ចាប់ពីឆ្នាំ ២០២១ ដល់ចំនួន ១៤៩ ពាន់លានដុល្លារ ដែលជាចំនួនលើសពីគោលដៅរំពឹងទុក ៤-៥% សម្រាប់ឆ្នាំនាំចេញទាំងមូល ។

មិនតែប៉ុណ្ណោះ ការនាំចេញកសិផល និងផលិតផលឧស្សាហកម្ម បានរួមចំណែកយ៉ាងសំខាន់ដល់កំណើននៃការនាំចេញសរុប ដែលមានតម្លៃជាង ២៦,៥ ពាន់លានដុល្លារ កាលពីខែមុន ។

លោក Thanakorn បានសង្កត់ធ្ងន់ទៀតថា នៅចន្លោះថ្ងៃទី ១ ខែកុម្ភ: ដល់ថ្ងៃទី ២១ ខែកក្កដា មានការដឹកជញ្ជូនផ្លែឈើស្រស់ទៅកាន់ប្រទេសចិន ចំនួន ៦៤​ ៩០៣ ជើង ដែលស្មើនឹង ១,១៦ លានតោន និងមានតម្លៃជាង ២,៥ ពាន់លានដុល្លារ ។

ការដឹកជញ្ជូនទាំងនេះ រួមបញ្ចូលទាំងការនាំចេញផ្លែទុរេនជាង ៦៧០ ០០០ តោន ដែលមានតម្លៃសរុប ៧២ ពាន់លានបាត ហើយក្រៅពីនោះ ក៏មានផ្លែឈើផ្សេងទៀត ដែលបាននាំចេញទៅកាន់ប្រទេសចិន ដូចជា ដូង មង្ឃុត សាវម៉ាវ និងផ្លែទទឹមជាដើម ៕