ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Alibaba គ្រោងនឹងធ្វើការវិនិយោគ នៅក្នុងទំហំទឹកប្រាក់ជាង ១០០ លានដុល្លារ ទៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ PT Smartfren Telecom ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Sinar Mas Group នៃប្រទេសឥណ្ឌូនេស៊ី ។ នេះបើយោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយគេទំព័រព័ត៌មានហិរញ្ញវត្ថុ DealStreetAsia ។
ជាមួយនឹងការវិនិយោគនេះ ក្រុមហ៊ុន Alibaba ត្រូវបានគេមើលឃើញថា នឹងអាចពង្រីកវិសាលភាពរបស់ពួកគេនៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយ:ការចាប់ដៃគូជាមួយក្រុមហ៊ុនធំជាងគេបំផុតមួយ របស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទៅលើអាជីវកម្មផ្នែកទំនាក់ទំនង បច្ចេកវិទ្យា សេវាហិរញ្ញវត្ថុ និងហេដ្ឋរចនាសម្ព័ន្ធផងដែរ ។
គួរឱ្យដឹងផងដែរថា ការវិនិយោគ ដែលបានស្នើឡើងដោយក្រុមហ៊ុន Alibaba សម្រាប់ផ្នែកមួយ នៅក្នុងក្រុមហ៊ុនមេ Sinar Mas ត្រូវបានធ្វើឡើង បន្ទាប់ពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនមួយនេះ បានចូលរួមវិនិយោគ ក្នុងនាមជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Fintech Dana ផងដែរ ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនឥណ្ឌូនេស៊ី Emtek និង Ant Financial របស់ Alibaba ។
មិនតែប៉ុណ្ណោះ វាត្រូវបានគេរំពឹងថា ក្រុមហ៊ុន Smarfren និង Alibaba គ្រោងនឹងប្រកាសអំពីកិច្ចព្រមព្រៀងតម្លៃជាង ១០០ លានដុល្លារនេះ ជាផ្លូវការ នៅក្នុងពេលឆាប់ៗខាងមុខ ។
បញ្ជាក់ផងដែរថា ក្រុមហ៊ុន Alibaba មានវត្តមានរួចមកហើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយ:ការបណ្តាក់ទុន ជាមួយក្រុមហ៊ុន PT Akulaku Silvrr ដែលជាផ្នែកមួយនៃពាណិជ្ជកម្មអេឡិចត្រូនិក និងហិរញ្ញវត្ថុឌីជីថល របស់ក្រុមហ៊ុនមេ Akulaku Group ។ ហើយ Akulaku ក៏បានកាន់កាប់ ២៥,៦៦% នៃភាគហ៊ុនរបស់ធនាគារផ្តល់ប្រាក់កម្ចីឌីជីថលឥណ្ឌូនេស៊ី Bank Neo Commerce ផងដែរ ៕