កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ធ្វើឡើងពីថ្ងៃទី ៣០ កក្កដា ដល់ ០៦ សីហា ២០២២ ដោយមានកម្ពុជាជាម្ចាស់ផ្ទះ និងរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ជាលំដាប់សណ្ឋាគារផ្កាយ ៥។

ក្នុងកិច្ចប្រជុំនោះផងដែរគឺនឹងចូលរួមដោយប្រទេសជាច្រើន ដោយមានប្រទេសសមាជិក អាស៊ាន ៩ ប្រទេស ប្រទេសដៃគូសន្ទនាអាស៊ាន ១១ ប្រទេស ប្រទេសដៃគូសន្ទនាតាមវិស័យ ៤ ប្រទេស ប្រទេសដៃគូអភិវឌ្ឍ ៤ ប្រទេស និងប្រទេសជាភ្ញៀវរបស់ប្រធានអាស៊ាន។


ប្រទេសជាសមាជិករបស់អាស៊ានគឺ ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ព្រុយណេ ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី និងកម្ពុជាជាម្ចាស់ផ្ទះ ខណៈប្រទេសដៃគូសន្ទនាជាមួយអាស៊ានមាន អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន នូវែលហ្សេឡង់ កូរ៉េខាងត្បូង រុស្ស៊ី អង់គ្លេស និង អាមេរិក។


ដោយឡែក ប្រទេសដៃគូសន្ទនាតាមវិស័យវិញគឺមាន ន័រវែស ប៉ាគីស្ថាន ស្វីស និងតួកគី ស្របពេលប្រទេសដៃគូអភិវឌ្ឍគឺ ឈីលី បារាំង អាល្លឺម៉ង់ និងអ៊ីតាលី។ រីឯប្រទេសជាភ្ញៀវរបស់ប្រធានអាស៊ានវិញគឺ ទីម័រខាងកើត សហព័ន្ធអារ៉ាប់រួម កាតា ដាណឺម៉ាក ម៉ុងហ្គោលី បង់ក្លាដេស កូរ៉េខាងជើង អាហ្សេបៃហ្សង់ ក្រិក ម៉ារ៉ុក ស្រីលង្កា ហូឡង់ អូម៉ង់ និងប៉ាពួញូហ្គីណេ៕