អ្នកណាៗក៏ដឹងដែរថា រថយន្ត Rolls Royce គឺជារថយន្តលំដាប់អភិជន និងឥស្សរជនលំដាប់កំពូលៗ ដោយសារតែអានុភាព និងតម្លៃដ៏ថ្លៃមហាសាលរបស់វា គួបផ្សំនឹងបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពដ៏ល្អបំផុតផង បានធ្វើឲ្យ Rolls Royce ជាប់ជារថយន្តកំពូលលើលោក។

យ៉ាងណា រថយន្តលំដាប់កំពូលដែលតែងតែប្រើប្រាស់ដោយថ្នាក់ដឹកនាំពិភពលោកមិនមែនមានតែ Rolls Royce ឡើយ ពោលនៅមានច្រើនម៉ាកច្រើនម៉ូដែលទៀត តួយ៉ាងដូចជា Toyota Century ដែលផលិតឡើងក្នុងគោលបំណងបម្រើជាយានយន្តសម្រាប់បម្រើដល់ព្រះចៅអធិរាជជប៉ុនជាដើម។

រថយន្ត Toyota Century គឺបង្កើតឡើងតែក្នុងទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ ហើយជារថយន្តប្រណីតបំផុតក្នុងប្រទេសជប៉ុននៃក្រុមហ៊ុន Toyota ខណៈម៉ូដែល Lexus ជារថយន្តប្រណីតបំផុតសម្រាប់ប្រកួតលើឆាកអន្តរជាតិរបស់ Toyota។
មូលហេតុដែលឡានមួយគ្រឿងនេះដាក់ឈ្មោះថា Century គឺដើម្បីរំលឹកដល់ខួប ១០០ ឆ្នាំរបស់ស្ថាបនិក Toyota លោក Sakichi Toyoda ហើយ Toyota Century ត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយគ្រួសារអធិរាជជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន ថ្នាក់ដឹកនាំកំពូលៗជប៉ុន និងអ្នកជំនួញជាន់ខ្ពស់។

បើគេនិយាយថា អង់គ្លេសមាន Rolls Royce អាល្លឺម៉ង់មាន Mercedes-Benz ត្រកូល 600 ដែលជារថយន្តលំដាប់ប្រណីត នោះជប៉ុនក៏មាន Toyota Century ដូចគ្នា ដោយសារវាត្រូវបានផលិតឡើងក្នុងគោលបំណងប្រកួតប្រជែងជាមួយទាំងនោះ។

ជំនាន់តំបូងនៃ Toyota Century គឺបំពាក់មកជាមួយតែម៉ាស៊ីន V8 ដែលផលិតឡើងនៅឆ្នាំ ១៩៦៧ និងរចនាបថឡើងវិញក្នុងឆ្នាំ ១៩៩៧ ជាមួយនឹងជំនាន់ទី ២ បំពាក់នូវម៉ាស៊ីន V12 រហូតដល់ឆ្នាំ ២០១៨ វាបានផ្លាស់ប្ដូរមកប្រើម៉ាស៊ីន V8 វិញ ប៉ុន្តែអ្វីដែលអស្ចារ្យជាងជំនាន់មុនៗគឺ បច្ចេកវិទ្យា Hybrid មកជាមួយ។

ផលិតមកតែនៅទីផ្សារក្នុងស្រុកមធ្យម ងំទោះមានលុយក៏មិនងាយនឹងទិញបានដែរ ពោលមានលក់តែនៅទីតាំង Toyota Store តែប៉ុន្មានកន្លែងប៉ុណ្ណោះនៅប្រទេសជប៉ុន ខណៈតម្លៃរបស់វាគឺធូរថ្លៃជាង Rolls Royce រាប់សិបដង ពោលគឺ ប្រមាណ ១៨ ម៉ឺនដុល្លារប៉ុណ្ណោះនៅលើទីផ្សារជប៉ុន ហើយផលិតតែ ៥០ គ្រឿងប៉ុណ្ណោះក្នុងមួយខែ៕