កាលពីពេលថ្មីៗនេះ កងកម្លាំងយោធារបស់រុស្ស៊ីបានធ្វើការវាយប្រហារទៅលើភាគខាងត្បូងនៃទីក្រុង Mykolaiv របស់ប្រទេសអ៊ុយក្រែន ហើយបានធ្វើឲ្យប្រជាជន និងទីក្រុងទទួលរងការខូចខាតជាដំណំ។

ក្នុងនោះផងដែរ លោក Oleksiy Vadatursky និងភរិយាបានទទួលមរណភាពពីការវាយប្រហារមួយនេះ នៅពេលដែលគ្រាប់មីស៊ីលហោះចំផ្ទះរបស់លោក។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរប្រចាំតំបន់។
លោក Vadatursky គឺជាស្ដេចត្រាញ់ជំនួញលើវិស័យកសិកម្មនៃប្រទេសអ៊ុយក្រែន ដែលជាក្រុមហ៊ុននាំចេញផលិតផលកសិកម្មដ៏ធំមួយប្រចាំប្រទេស ហើយលោកក៏ធ្លាប់ទទួលបានពានរង្វាន់ Hero of Ukraine ថែមទៀតផង។

បន្ថែមពីនោះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថែមទាំងចាត់ទុកថា មរណភាពរបស់សេដ្ឋីរូបនេះ គឺជាការខាតបង់ដ៏សំបើមរបស់អ៊ុយក្រែន ស្របពេលទីប្រឹក្សាប្រធានាធិបតីនិយាយថា រុស្ស៊ីគឺបានចាត់ទុកអ្នកជំនួញម្នាក់នេះជាគោលដៅរួចស្រេចហើយ។

សូមជម្រាបដែរថា លោក Vadatursky ជាបុគ្គលសំខាន់មួយរូបនៃប្រទេសអ៊ុយក្រែន ដែលបានជួយដល់សង្គមជាតិជាខ្លាំង ដូចជាផ្ដល់អំណោយសប្បុរសធម៌ និងកញ្ចប់ជំនួយសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាដើម៕