រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចិន និងអាមេរិកហាក់មានការតឹងសរសៃករវាងគ្នាបន្តិចពីទំនាស់កោះតៃវ៉ាន់ ដោយភាគីចិនព្រមានអាមេរិកកុំលូកដៃក្នុងបញ្ហាផ្ទៃក្នុងមួយនេះ ក្រោយទទួលបានតំណឹងថា ប្រធានសភាតំណាងរាស្ត្រអាមេរិក Nancy Pelosi នឹងធ្វើដំណើរទស្សនកិច្ចទៅតៃវ៉ាន់។
តួយ៉ាង នៅសប្ដាហ៍នេះលោកស្រី Pelosi កំពុងធ្វើទស្សនកិច្ចនៅប្រទេសតំបន់អាស៊ីខ្លះៗ ខណៈបច្ចុប្បន្នកំពុងនៅប្រទេសសិង្ហបុរី ប៉ុន្តែមិនបានបង្ហើបពីគម្រោងទៅកោះតៃវ៉ាន់ឡើយ។
យ៉ាងណា បើតាមប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោកស្រីនឹងអាចទៅដល់កោះតៃវ៉ាន់នៅថ្ងៃអង្គារ បើទោះជាមានការព្រមានច្រើនលើកច្រើនសារពីរដ្ឋាភិបាលចិនក៏ដោយ។
ក្រឡេកទៅមើលស្ថានការណ៍នៅកោះតៃវ៉ាន់បន្តិច កងកម្លាំងយោធាដែនអាកាស និងទឹករបស់ចិនគឺកំពុងក្រឡឹងៗជុំវិញកោះតៃវ៉ាន់ ហើយរដ្ឋមន្ត្រីការពារជាតិរបស់តៃវ៉ាន់ក៏កំពុងត្រៀមកងកម្លាំងរួចស្រេចពីព្រឹកថ្ងៃអង្គារ រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ សម្រាប់ករណីសង្គ្រាមដែលអាចនឹងកើតមានឡើងគ្រប់ពេល។ នេះបើតាមការចុះផ្សាយពី Reuters។
ដោយឡែក បើតាមប្រភពជិតស្និទ្ធលោកស្រី Pelosi ក៏បានទម្លាយដែរថា គម្រោងណាត់ជួបរវាងលោកស្រី និងប្រធានាធិបតី Tsai Ing-wen គឺត្រូវនឹងថ្ងៃពុធ ដូច្នេះយូរបំផុតប្រធានសភាតំណាងរាស្ត្រអាមេរិកនឹងអាចមកដល់កោះតៃវ៉ាន់នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ៕