ចិន នាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារខ្លួន ហក់ដល់ជាង៥០% ត្រឹម៦ខែឆ្នាំនេះ

អន្តរជាតិ

ប្រទេសចិន គឺជាប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ជាក់ស្តែងក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ កម្ពុជាការនាំចេញអង្ករទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំចេញអង្ករសរុប។នេះបើតាមការឲ្យដឹងពីស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៨២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ជាមួយគ្នានេះ ស្ថានទូតចិនបានឲ្យដឹងថា ប្រទេសចិនគឺជាប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំចេញអង្ករសរុបនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។

គួរបញ្ជាក់ដែរថា បើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ជាងនេះទៀត បើគិតចាប់ពីឆ្នាំ២០១៩ដល់ចុងខែមិថុនាឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលចំនួន២.៤លានតោនទៅកាន់ប្រទេសចិន ស្មើនឹង ១៩៤២ លានដុល្លារអាមេរិក ក្នុងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។

ទោះជាយ៉ាងណា ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ក្រោមការណែនាំយ៉ាងលម្អិតពីការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោក Chen Qisheng អគ្គនាយកនៃក្រុមហ៊ុនCCIC Cambodia ក៏បានដឹកនាំក្រុមការងារ ដោយអនុលោមតាមសេចក្តីតម្រូវការនៃ”កិច្ចព្រមព្រៀងភូតគាមអនាម័យ”ពាក់ព័ន្ធដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ដើម្បីជួយសហគ្រាសក្នុងការត្រួតពិនិត្យគ្រប់គ្រងនិងដំឡើងបរិក្ខារកម្ដៅយ៉ាងសកម្ម រឹតបន្តឹងគុណភាព ផ្តល់ការត្រួតពិនិត្យភូតគាមអនាម័យលើផលិតផលពាក់ព័ន្ធមុនពេលដឹកជញ្ជូនចេញក្រៅនិងផ្តល់សេវាកម្ម”តាមដានប្រភពCCIC”ផងដែរ។ បន្ទាប់ពីទំនិញទៅដល់ប្រទេសចិន ត្រូវបានអនុញ្ញាតឆ្លងកាត់គយនិងបញ្ជូនចែកចាយនៅតាមទីផ្សារយ៉ាងរលូន៕