កាលពីពេលថ្មីៗនេះ ប្រធានសភាអាមេរិក Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសនៅតំបន់អាស៊ី ហើយក៏លឺល្ហៀងៗថា នឹងឆៀងចូលកោះតៃវ៉ាន់ ដែលដំណឹងមួយនេះបានធ្វើឲ្យរដ្ឋាភិបាលចិនក្ដៅស្លឹកត្រចៀក និងព្រមានអាមេរិកដាច់ខាតកុំលូកដៃក្នុងទំនាស់ផ្ទៃក្នុងរបស់ខ្លួន។
យ៉ាងណា បើមើលឲ្យមែនទែនទៅនេះមិនមែនជាលើកទី ១ ឡើយដែលរដ្ឋាភិបាលចិនសំដែងការមិនពេញចិត្តជាមួយនឹងលោកស្រី Pelosi ដ្បិតកាលពីប្រមាណ ៣០ ឆ្នាំមុនមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះធ្លាប់បង្កព្យុះភ្លៀងនៅទីក្រុងប៉េកាំងម្ដងដែរ។
ត្រឡប់ទៅកាលពីឆ្នាំ ១៩៩១ រំលងបាន ២ ឆ្នាំបន្ទាប់ពីមានបាតុកម្មធំបំផុតមួយនៅទីក្រុងប៉េកាំង ប៉ុន្តែត្រូវបានបង្ក្រាបដោយរដ្ឋាភិបាល លោកស្រីនឹងមន្ត្រី ២ រូបផ្សេងទៀតបានលួចទៅតំបន់ Tiananmen Square ដោយមិនផ្ដល់ដំណឹងដល់អាជ្ញាធរចិនប្រចាំតំបន់។
គោលបំណងដែលលោកស្រីទៅទីនោះ គឺដើម្បីគោរពវិញ្ញាណក្ខន្ធក្រុមអ្នកគាំទ្រដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍បាតុកម្ម ១៩៨៩ ដែលបង្ក្រាបដោយរដ្ឋាភិបាលចិន ហើយនិងបានលើកផ្ទាំងក្រណាត់ ដោយបានសរសេរជាអក្សរចិន និងអង់គ្លេសដែលមានន័យថា “ជូនចំពោះជនដែលបានបាត់បង់ជីវិតក្នុងការទាមទារប្រជាធិបតេយ្យក្នុងប្រទេសចិន”។ នេះបើតាមការចុះផ្សាយពី BBC។
យ៉ាងណា ក្រុមប៉ូលិសប្រចាំតំបន់នោះក៏បានចុះអន្តរាគមន៍ភ្លាមៗ ហើយទង្វើមួយនេះបានធ្វើឲ្យរដ្ឋាភិបាលចិនចាត់ទុកលោកស្រីជាបុគ្គលដែល “ពោរពេញដោយការញុះញង់ និងផ្សាយព័ត៌មានមិនពិត”។
រំលងបាន ២ ឆ្នាំ នៅឆ្នាំ ១៩៩៣ លោកស្រី Pelosi បានចេញមុខប្រឆាំងរដ្ឋាភិបាលចិនក្នុងការដេញថ្លៃជាម្ចាស់ផ្ទះព្រឹត្តិការកីឡាអូឡាំពិក ១៩៩៣ ដោយចោទប្រទេសចិនបានរំលោភច្បាប់សិទ្ធមនុស្ស។
បន្ថែមពីនោះ ប្រធានសភារូបនេះក៏ជាសមាជិកមួយរូបដែលបានចូលរួមធ្វើពហិការមិនឲ្យអតីតប្រធានាធិបតីអាមេរិក George W Bush ចូលរួមសម្ពោធបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ ២០០៨ នៅប្រទេសចិនផងដែរ ប៉ុន្តែមិនបានសម្រេច។
សូមជម្រាបដែរថា ថ្មីៗនេះសារព័ត៌មានក្រៅស្រុកជាច្រើនសុទ្ធតែបានអះអាងថា Pelosi នឹងធ្វើដំណើរមកដល់កោះតៃវ៉ាន់នៅថ្ងៃអង្គារ ឬយូរបំផុតនៅថ្ងៃពុធ ប៉ុន្តែដំណឹងផ្លូវការនៅមិនទាន់ប្រកាសនៅឡើយ៕