លោកស្រី Nancy Pelosi បានធ្វើដំណើរមកដល់ដីកោះតៃវ៉ាន់ដោយសុវត្ថិភាព នៅវេលាម៉ោង ១០ និង ៤៥ នាទីយប់ (ម៉ោង ៩ និង ៤៥ នាទីនៅកម្ពុជា) បន្ទាប់ពីហោះចេញពីប្រទេសម៉ាឡេស៊ីនៅវេលាម៉ោង ៣ និង ៤២ នាទីរសៀល តាមរយៈយន្តហោះចំបាំងរបស់អាមេរិកដែលមានលេខ SPAR19។

សម្រាប់ការមកដល់នៃដែនកោះតៃវ៉ាន់របស់មន្ត្រីអាមេរិកជាន់ខ្ពស់រូបនេះ បានធ្វើឲ្យពិភពលោកព្រួយបារម្ភជាខ្លាំង ដ្បិតកន្លងមករដ្ឋាភិបាលចិនបានព្រមានយ៉ាងចាស់ដៃថា អាមេរិកកុំលូកដៃក្នុងទំនាស់ផ្ទៃក្នុងរបស់ខ្លួន ហើយបើសិនជានៅតែព្រហើន នោះសង្គ្រាមអាចផ្ទុះបានគ្រប់ពេល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុកធំៗជាច្រើន។

យ៉ាងណា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នេះផងដែរ គឺរដ្ឋាភិបាលអាមេរិកចេញមុខអះអាងថា ជាការសម្រេចចិត្តរបស់លោកស្រីដោយខ្លួនឯង ប៉ុន្តែរដ្ឋាភិបាលអាមេរិកនៅតែបញ្ជូនយន្តហោះចំបាំង ១៣ គ្រឿង និងនាវាចំបាំង ៤ គ្រឿងអបដំណើរប្រធានសភាអាមេរិកមកកាន់កោះតៃវ៉ាន់ដដែល។

សូមជម្រាបដែរថា មុនចាប់ផ្ដើមដំណើរទស្សនកិច្ចមកតៃវ៉ាន់ ប្រធានាធិបតី ចូ បៃឌិន និងស៊ី ជីនពីងធ្លាប់បានជួបសំណេះសំណាលជុំវិញបញ្ហាមួយនេះម្ដងដែរ ដោយគ្រានោះថ្នាក់ដឹកនាំចិនព្រលយសម្ដីថា អាមេរិកកុំចង់ប្រឡែងនឹងភ្លើង ព្រោះបើហ៊ានតែលូកដៃគឺមិនទទួលបានប្រយោជន៍អ្វីនោះឡើយ៕