កាលពីពេលថ្មីៗនេះ លោកស្រី Nancy Pelosi បានមកកាន់ដីកោះតៃវ៉ាន់ ក្នុងគោលបំណងគាំទ្រអធិបតេយ្យភាពរបស់តៃវ៉ាន់ ប្រឆាំងនឹងប្រទេសចិនដែលមានគោលដៅចង់បង្រួបបង្រួមតៃវ៉ាន់ ហើយទង្វើមួយនេះត្រូវបានចិនយល់ឃើញថា ជាការនាំភ្លើងដាក់ខ្លួនរបស់អាមេរិក។

ទន្ទឹមនឹងនោះ ប្រទេសសមាជិកអឺរ៉ុបគឺអាល្លឺម៉ង់បានទម្លាយដែរថា ពួកគេនឹងមិនអោបដៃឈរមើលឡើយ បើសិនជាចិនហ៊ានដើរតាមគន្លងសម្ព័ន្ធមិត្តរុស្ស៊ី បើកការវាយប្រហារលើប្រទេសជិតខាងដែលតូចទាបជាងខ្លួន។

“ពួកយើងនឹងមិនយល់ព្រមដាច់ខាត នៅពេលដែលច្បាប់អន្តរជាតិត្រូវបានបំពាន ខណៈប្រទេសធំមួយបើកការវាយប្រហារលើប្រទេសជិតខាងដែលតូចជាងខ្លួន”។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock បានប្រកាសប្រាប់សារព័ត៌មាន។
សូមជម្រាបដែរថា ភាពតានតឹងរវាងអាមេរិក ចិន និងតៃវ៉ាន់គឺកាន់តែខ្លាំងឡើងៗ បន្ទាប់ពីប្រធានសភាអាមេរិកចុះចតនៅទីក្រុងតៃប៉ិ ស្របពេលកងយោធាចិនកំពុងធ្វើសមយុទ្ធឡោមព័ទ្ធដែនកោះតៃវ៉ាន់ទាំងមូល៕