កន្លងមករដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ធ្លាប់បានបោះសម្ដីមួយឃ្លាថា បើសិនជាប្រទេសណាដែលហ៊ានលូកដៃក្នុងទំនាស់ផ្ទៃក្នុងរវាងចិន និងតៃវ៉ាន់ ពួកគេនឹងមិនទទួលបានផលចំណេញអ្វីឡើយ ក្រៅពីការខាតបង់ដែលអាចនឹងស្មានមិនដល់។

ជាការពិត គ្រាន់តែលេចវត្តមានរបស់ប្រធានសភាអាមេរិក Nancy Pelosi នៅទីក្រុងតៃប៉ិកាលពីរាត្រីថ្ងៃអង្គារកន្លងទៅ រាជរដ្ឋាភិបាលចិនបានចាត់វិធានការធម៌ក្ដៅមួយរំពេច ពោលគឺរៀបចំធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់។

បន្ថែមពីនោះ មហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយនេះ ថែមទាំងបានបង្កកការនាំចូលផលិតផលអាហារច្រើនជាង ២ ០០០ មុខពីផលិតផលសរុប ៣ ២០០ មុខពីប្រទេសតៃវ៉ាន់ និងបានផ្អាកការនាំចេញខ្សាច់ធម្មជាតិទៅកាន់ដែនកោះមួយនេះ ដើម្បីជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតៃវ៉ាន់សម្រាប់ការមកដល់របស់លោកស្រី Pelosi។

ទន្ទឹមនឹងនោះ លោក Chiu Chui-Cheng អនុរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការដីគោកនៃសាធារណៈរដ្ឋចិន បានទម្លាយទៀតថា ទណ្ឌកម្មសេដ្ឋកិច្ចដែលតៃវ៉ាន់ទទួលបានពីចិន គឺធ្ងន់ធ្ងរខ្លាំងបើធៀបនឹងអ្វីដែលចិនធ្លាប់ធ្វើកន្លងមក ហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ដ្បិតវាអាចនឹងឈានដល់ចំណុចអាក្រក់ជាងនេះ នៅថ្ងៃអនាគត។

សូមជម្រាបដែរថា កន្លងមកអាជ្ញាធរចិនធ្លាប់តែផ្អាកការនាំចូលផលិតផលផ្សេងៗពីតៃវ៉ាន់ ត្រឹមតែប្រភេទទំនិញមួយៗប៉ុណ្ណោះ ប៉ុន្តែសារនេះចិនបានផ្អាកស្ទើរគ្រប់ប្រភេទទំនិញនាំចូល ៣៥ ប្រភេទពីតៃវ៉ាន់ ស្របពេលរដ្ឋាភិបាលតៃវ៉ាន់សារភាពថា ទំហំខាតបង់សារនេះគឺមានច្រើន និងមិនទាន់អាចកំណត់ពីទំហំជាក់លាក់បាននៅឡើយ៕