រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើការរិះគន់ចំៗ ទៅលើប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ដោយបានដាក់ឈ្មោះ ដំណើរទសន្សនកិច្ចរបស់លោកស្រី ទៅកាន់កោះតៃវ៉ាន់ថា “ជាដំណើរទស្សនកិច្ចបំពេញមុខ” និងថែមទាំងព្រមានទៀតថា “អ្នកណាដែលលេងភ្លើង នឹងវិនាស” ។

លោក Wang Yi បានប្រាប់អ្នកសារព័ត៌មាន ខាងក្រៅកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកម្ពុជា ថា សហរដ្ឋអាមេរិក កំពុងរំលោភអធិបតេយ្យភាពរបស់ប្រទេសចិន ដោយដើរតួជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក្រសួងការប្រទេសចិន បានធ្វើការរិះគន់ធ្ងន់ៗទៅលើលោកស្រី Pelosi ចំពោះការបន្តធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់កោះតៃវ៉ាន់បានសម្រេច កាលពីយប់មិញ ហើយរដ្ឋមន្ត្រីរូបនេះ បានអះអាងថា វាជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន ដោយចេតនា និងចូលរួមក្នុងការបង្ករឿងនយោបាយ ។

បញ្ជាក់ផងដែរថា មុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi រដ្ឋាភិបាលរបស់ប្រទេសចិន បានចេញការព្រមានជាច្រើន ដោយបានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ប្រសិនបើការធ្វើដំណើររបស់លោកស្រីទៅកាន់កោះនេះ បានសម្រេច ៕