ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់បានធ្វើឲ្យប្រទេសចិន មានការខឹងសម្បារជាខ្លាំង រហូតដល់រៀបចំធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗក្រៅប្រទេស។

ទន្ទឹមនឹងនោះ បណ្ដាប្រទេសធំៗជាច្រើនក៏បានចេញមុខប្រតិកម្មជាមួយនឹងដំណើរទស្សនកិច្ចដ៏គ្រោះថ្នាក់នេះផងដែរ ដូចជាអាល្លឺម៉ង់ និងអាមេរិកគាំទ្រទង្វើរបស់ប្រធានសភាអាមេរិកក្នុងការការពារអធិបតេយ្យភាពកោះតៃវ៉ាន់។

ដោយឡែក សម្រាប់ប្រទេសជិតខាងដូចជាកូរ៉េខាងត្បូងវិញ គឺកំពុងរក្សាជំហររបស់ពួកគេនៅចំណុចអព្យាក្រឹត្យ ស្របពេលជប៉ុនក៏បង្ហាញការព្រួយបារម្ភ ដោយសាររដ្ឋាភិបាលចិនបានបើកសមយុទ្ធនៅលើផ្ទៃទឹកតៃវ៉ាន់ ខណៈកោះមួយចំនួនរបស់ជប៉ុនគឺជាចំណុចព្រំប្រទល់ជាមួយតៃវ៉ាន់។

ក្រឡេកទៅមើលសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ចិនគឺ រុស្ស៊ី និងកូរ៉េខាងជើងសុទ្ធតែឈរនៅខាងមហាអំណាចអាស៊ី ដោយថ្កោលទោសលោកស្រី Pelosi ថា មិនគួរលូកដៃក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ៕