យោងតាមការចុះផ្សាយពី CNN បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានស្នើសុំឲ្យរដ្ឋាភិបាលចិន រួបរួមដៃជាមួយពិភពលោក ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ដោយសារការឈ្លានពានអ៊ុយក្រែន។

បន្ថែមពីនោះប្រធានាធិបតីរូបនេះ ថែមទាំងបានសុំចិត្តចិនទៀតថា បើសិនជាមិនរួមដៃជាមួយបណ្ដាប្រទេសផ្សេងទេ សូមកុំចូលជួយរុស្ស៊ីអី ដ្បិតសុំឲ្យឈរនៅចំណុចអព្យាក្រឹត្យតែម្ដង។

“ខ្ញុំជឿថា ប្រជាជនចិននឹងជ្រើសរើសនូវជម្រើសដ៏ល្អបំផុតសម្រាប់គ្រប់គ្នា ហើយវាគឺកាន់តែប្រសើរ បើសិនជាចិនមិនចូលជួយរុស្ស៊ី”។ នេះបើតាមសម្ដីរបស់លោក Zelensky បានប្រាប់ទៅកាន់សារព័ត៌មានក្រៅស្រុក។

សូមជម្រាបដែរថា នៅពេលសួរពីស្ថានភាពសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននាថ្ងៃអនាគត លោក Zelensky ទម្លាយថា វាស៊ីសងលើរុស្ស៊ីតែប៉ុណ្ណោះ ព្រោះបើរុស្ស៊ីព្រមទម្លាក់អាវុធ គ្រប់យ៉ាងនឹងបញ្ចប់ដោយសន្តិភាព៕