អាមេរិក បន្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន សិង្ហបុរី និងអារ៉ាប់រួម ជុំវិញការទិញប្រេងពីអ៊ីរ៉ង់

អន្តរជាតិ

ថ្មីៗនេះ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មី ទៅលើក្រុមហ៊ុន ដែលមានមូលដ្ឋានទៅក្នុងទីក្រុងហុងកុង សិង្ហបុរី និងអារ៉ាប់រួម សម្រាប់ការលក់ប្រេង និងផលិតផលគីមីឥន្ធន:របស់ប្រទេសអ៊ីរ៉ង់ ទៅកាន់ទីផ្សារអាស៊ីបូព៌ា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណាត់ការរបស់ក្រសួងរតនាគារ និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក គឺមានគោលបំណងបង្កើនសម្ពាធទៅលើរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ដើម្បីបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ។

គួរឱ្យដឹងថា ក្រុមហ៊ុនសរុបចំនួន ៦ ត្រូវបានសហរដ្ឋអាមេរិកកំណត់គោលដៅលើ ដោយក្នុងនោះក្រុមហ៊ុនចំនួន ៤ មានមូលដ្ឋាននៅទីក្រុងហុងកុង មួយនៅសិង្ហបុរី និងមួយនៅអារ៉ាប់រួម ។

រតនាគាររបស់អាមេរិក បានចោទប្រកាន់ទៅលើក្រុមហ៊ុន Persian Petrochemical Industry Commercial Co (PGPICC) ដែលត្រូវបានចាត់ទុកថាជាឈ្មួលកណ្តាលដ៏ធំរបស់អ៊ីរ៉ង់ ក្នុងការប្រើប្រាស់ក្រុមហ៊ុននេះ ដើម្បីជួយសម្រួលដល់ការលក់ប្រេង និងផលិតផលគីមីឥន្ធន:របស់អ៊ីរ៉ង់ ទៅកាន់អាស៊ីបូព៌ា ។

មិនតែប៉ុណ្ណោះ រតនាគារអាមេរិក ក៏បានកំណត់គោលដៅលើក្រុមហ៊ុន Blue Cactus Heavy Equipment និងក្រុមហ៊ុន Machinery Spare Parts Trading មានមូលដ្ឋាននៅអារ៉ាប់រួម ដែលត្រូវបានចោទប្រកាន់ថា បានជួយលក់ផលិតផលប្រេង មានប្រភពដើមពីអ៊ីរ៉ង់ ក្នុងតម្លៃរាប់លានដុល្លារ ទៅឱ្យក្រុមនៅហុងកុង Triliance Petrochemical ដែលពីមុនក៏ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកផងដែរ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Farwell Canyon HK Ltd និង Shekufei International Trading Co ដែលមានមូលដ្ឋាននៅហុងកុង ក៏ត្រូវបានរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកផងដែរ ជុំវិញការជួយសម្រួលដល់ការដឹកជញ្ជូនបន្ត នៃប្រេងរបស់អ៊ីរ៉ង់ទៅឱ្យក្រុមហ៊ុនចាំទិញ នៅអាស៊ីបូព៌ា ។

បន្ថែមពីនោះ ក្រុមហ៊ុន PGPICC ក៏ត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់គណនីធនាគារ រួមជាមួយក្រុមហ៊ុន PZNFR Trading Ltd ដែលមានមូលដ្ឋាននៅហុងកុង និងម៉ាឡេស៊ី ដើម្បីប្រមូលប្រាក់រាប់លានដុល្លារ ពីការលក់ប្រេងទាំងនោះ ។


ដោយឡែក ក្រសួងការបរទេសអាមេរិក បានដាក់ទណ្ឌកម្មលើការក្រុមហ៊ុនគ្រប់គ្រងនាវា Pioneer Ship Management ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី សម្រាប់ការចោទប្រកាន់ថា បានគ្រប់គ្រងលើនាវាមានផ្ទុកផលិតផលប្រេងរបស់អ៊ីរ៉ង់ និងក្រុមហ៊ុន Golden Warrior Shipping ដែលមានមូលដ្ឋាននៅហុងកុង សម្រាប់ប្រតិបត្តិការ ដែលមានទាក់ទងនឹងប្រេង និងផលិតផលប្រេងអ៊ីរ៉ង់។

បញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្មទាំងនោះ នឹងត្រូវបង្កកទ្រព្យសម្បត្តិទាំងអស់ ដែលមាននៅក្នុងសហរដ្ឋអាមេរិក ស្របពេលក្រុមហ៊ុន ដែលបានចូលរួមប្រតិបត្តិការជាក់លាក់ណាមួយ ជាមួយក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ទាំងនោះ ក៏នឹងទទួលរងការដាក់ទណ្ឌកម្មផងដែរ ៕