កាលពីពេលថ្មីៗនេះ ស្ថានការណ៍រវាងមហាអំណាចចិន និងតៃវ៉ាន់កំពុងស្ថិតក្នុងសភាពតានតឹងជាខ្លាំង ក្រោយការមកបំពេញទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាអាមេរិកនៅកោះតៃវ៉ាន់។

ទាក់ទងនឹងបញ្ហានេះផងដែរ លោក Wang Yi មន្ត្រីការបរទេសចិនបានថ្កោលទោសអាមេរិកចំៗ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ធ្វើឡើងនៅទីក្រុងភ្នំពេញ ដោយបានហៅមហាអំណាចលោកខាងលិចថា ជាអ្នកនាំរឿងដល់សន្តិភាពរបស់តៃវ៉ាន់។ នេះបើតាមការចុះផ្សាយពី CGTN។

ប្រភពដដែលបន្ថែមថា មន្ត្រីជាន់ខ្ពស់ចិនថែមទាំងចោទអាមេរិកថា ជាអ្នកបង្កើតជំលោះ និងទំនាស់នៅតំបន់ដែលមានស្ថិរភាព និងបានប្រាប់ឲ្យគណបក្សគាំទ្ររដ្ឋាភិបាលទាំងអស់ កត់ចំណាំទុកពីបញ្ហាមួយនេះ និងរួមដៃគ្នាប្រឆាំងពីការអុជអាលរបស់អាមេរិក។

សូមជម្រាបដែរថា បច្ចុប្បន្នកងយោធាចិនគឺកំពុងធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ដោយមានទាំងការហ្វឹកហាត់ និងបាញ់គ្រាប់ពិតៗ ខណៈបើតាមព័ត៌មានកាលពីប៉ុន្មានថ្ងៃមុនបានឲ្យដឹងថា សមយុទ្ធមួយនេះនឹងមានរយៈពេលពីថ្ងៃទី ០៤ ដល់ ០៦ សីហា៕