សមយុទ្ធយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់ កំពុងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក

អន្តរជាតិ

ថ្មីៗនេះ អ្នកវិភាគបាននិយាយថា សមយុទ្ធយោធារបស់ប្រទេសចិន នៅជុំវិញកោះតៃវ៉ាន់ នឹងត្រូវរំខានដល់តំបន់ដឹកជញ្ជូនដ៏មមាញឹកបំផុតមួយ របស់ពិភពលោក នៅពេលដែលដែនកោះមួយនេះ បានដើរតួយ៉ាងសំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សកលលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមយុទ្ធដ៏ធំបំផុតរបស់ចិន នៅជុំវិញកោះតៃវ៉ាន់ គឺជាការបង្ហាញសាច់ដុំរបស់ខ្លួន បន្ទាប់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង មានការខឹងសម្បារយ៉ាងខ្លាំង ជាមួយនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ទឹកដីកោះមួយនេះ ។

ហើយសមយុទ្ធដ៏ធំមួយនេះ ត្រូវបានចាប់ផ្តើមធ្វើឡើង នៅតាមបណ្តោយផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយចំនួន នៅលើពិភពលោក ដែលជាផ្លូវត្រូវបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកសំខាន់ៗ ដែលផលិតនៅក្នុងមជ្ឈមណ្ឌលរោងចក្រនៅអាស៊ីបូព៌ា ដើម្បីចែកចាយទៅកាន់ទីផ្សារពិភពលោក ។

បើយោងតាមទិន្នន័យដែលទទួលបានពីសារព័ត៌មាន Bloomberg បានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃនាវាផ្ទុកកុងតឺន័ររបស់ពិភពលោក បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលស្ថិតនៅចន្លោះរវាងទឹកដីចិន ក្នុងរយ:ពេល ៧ ខែដំបូងនៃឆ្នាំ ២០២២ នេះ ។

លើសពីនេះ លោក James Char ដែលជាសហការីស្រាវជ្រាវ នៅសាលា S. Rajaratnam School of International Studies របស់ប្រទេសសិង្ហបុរី បាននិយាយថា ដោយសារតែនាវាផ្ទុកកុងតឺន័រជាច្រើនរបស់ពិភពលោក ត្រូវឆ្លងកាត់ផ្លូវទឹកនោះ វានឹងមានការរំខានដោយចៀសមិនរួច ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ដោយសារត្រូវស្វែងរកច្រកផ្លូវផ្សេង ។

ទន្ទឹមនឹងនេះ លោក Nick Marro ដែលជាអ្នកវិភាគនាំមុខរបស់ស្ថាប័ន Economist Intelligence Unit សម្រាប់ពាណិជ្ជកម្មសកល បានបង្ហាញផងដែរថា សមយុទ្ធបាញ់គ្រាប់ពិត ដែលបានគ្រោងទុករបស់ប្រទេសចិន កំពុងកើតឡើងនៅក្នុងផ្លូវទឹកដ៏មមាញឹក។ ហើយចំពោះការបិទផ្លូវដឹកជញ្ជូនទាំងនេះ នឹងមានផលវិបាកមិនត្រឹមតែសម្រាប់តៃវ៉ាន់ប៉ុណ្ណោះទេ ថែមទាំងលំហូរពាណិជ្ជកម្ម ដែលភ្ជាប់ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ ។

មិនត្រឹមតែផ្លូវទឹកប៉ុណ្ណោះទេ នៅក្នងរយ:ពេលពីថ្ងៃចុងក្រោយនេះ សូម្បីតែជើងហោះហើរជាង ៤០០ ក៏ត្រូវបានលុបចោលផងដែរ នៅអាកាសយានដ្ឋានសំខាន់ៗ ក្នុងខេត្ត Fujian ដែលជាខេត្តរបស់ចិន មានព្រំប្រទល់ជិតបំផុតជាមួយកោះតៃវ៉ាន់ ហើយនេះជាសញ្ញាបង្ហាញថា ដែនអាកាសទាំងនោះ ត្រូវបានគ្រប់គ្រងដោយយោធារបស់ចិនទាំងស្រុង៕