ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើការប្តេជ្ញាចិត្តនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យតៃវ៉ាន់ នៅឯកោតែឯងឡើយ នៅចំពេលរដ្ឋាភិបាលរបស់ទីក្រុងប៉េកាំង កំពុងសម្រុកបង្កើនសមយុទ្ធយោធា និងធ្វើការលុកលុយដោយយន្តហោះចម្បាំង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ដែនកោះមួយនេះ ។
ដោយថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងតូក្យូ អំឡុងពេលសំចតចុងក្រោយនៃដំណើរទស្សនកិច្ចនៅអាស៊ី លោកស្រី Pelosi បាននិយាយថា ប្រទេសចិន បានស្វែងរកការកាត់ផ្តាច់កោះតៃវ៉ាន់ចេញពីសហគមន៍អន្តរជាតិ ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនអាចរារាំងមន្ត្រីរបស់សហរដ្ឋអាមេរិក ពីការធ្វើដំណើរទៅកាន់ទីនោះបាននោះឡើយ ។
មិនតែប៉ុណ្ណោះ លោកស្រីបាននិយាយទៀតថា ៖ ” យើងនឹងមិនអនុញ្ញាតឱ្យចិន បង្ខាំងតៃវ៉ាន់ឱ្យនៅដាច់ដោយឡែកពីនោះគេនោះឡើយ ។ ហើយពួកគេក៏មិនអាចបញ្ឈប់កាលវិភាគនៃការធ្វើដំណើរទស្សនកិច្ចរបស់យើងបានដូចគ្នា ” ។
គួរឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃពុធ បានធ្វើឱ្យបក្សកុម្មុយនិស្តចិន មានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលពួកគេបានចាត់ទុកដីកោះប្រជាធិបតេយ្យនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។
លើសពីនេះ នៅមុនកើតមានដំណើរទស្សនកិច្ច រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការព្រមានធ្ងន់ៗថា ខ្លួននឹងចាត់វិធានការណ៍ ដោយបង្ខំ ប្រសិនបើលោកស្រី Pelosi នៅតែរឹងរូស ហើយនៅពេលដែលលោកស្រី បានធ្វើដំណើរចាកចេញទៅវិញ យោធារបស់ចិន បានបើកធ្វើការសមយុទ្ធបាញ់គ្រាប់ពិតតែម្តង ជាមួយនឹងការបាញ់គ្រាប់មីស៊ីលពីដីគោក ហោះរំលងកោះតៃវ៉ាន់ ធ្លាក់ចូលសមុទ្រ ។
ជាងនេះទៅទៀត ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃសុក្រ យន្តហោះចម្បាំង និងនាវាចម្បាំងចិន ជាច្រើនគ្រឿងបានធ្វើសមយុទ្ធនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ ហើយបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ដែលជាចំណុចពាក់កណ្តាលនៃផ្លូវរវាងកោះតៃវ៉ាន់ និងចិនដីគោក ៕