ស្ថានការណ៍រវាងមហាអំណាចអាមេរិក និងចិននៅតែស្ថិតក្នុងសភាពតានតឹងដដែល បន្ទាប់ពីមានវត្តមានលោកស្រី Nancy Pelosi ប្រធានសភាអាមេរិកធ្វើដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់។

ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ថែមទាំងបានសន្យាជាមួយហ្វីលីពីនទៀតថា អាមេរិកនឹងផ្ដល់ជំនួយដល់ពួកគេ បើសិនមានការវាយប្រហារនៅសមុទ្រចិនខាងត្បូង ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តនៃសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងអាមេរិក និងហ្វីលីពីន។ នេះបើតាមការចុះផ្សាយពី CNN។

ហ្វីលីពីនគឺជាប្រទេសដែលពោរពេញដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន ហើយលោក Marcos កំពុងប្រឈមនឹងបញ្ហាលំបាកក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។

សូមជម្រាបដែរថា ទំនាក់ទំនងអាមេរិក និងហ្វីលីពីនធ្លាប់ល្អក់កករនៅពេលអតីតប្រធានាធិបតី Durtete នៅកាន់អំណាច ពោលអតីតថ្នាក់ដឹកនាំរូបនេះងាកមកចាប់ដៃជាមួយចិន ច្រើនជាងអាមេរិក ប៉ុន្តែសម្រាប់ប្រធានាធិបតីបច្ចុប្បន្ន Marcos បែរជាចង់លុបចោលកិច្ចព្រមព្រៀងជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធពីចិន និងងាកមករឹតចំណងមិត្តភាពជាមួយអាមេរិកវិញ៕