មហាសេដ្ឋី Warren Buffett គឺត្រូវបានគេដាក់រហស្សនាមឲ្យលោកជា បិតាវិនិយោគិន ដោយសារលោកមានដុងតាំងពីក្មេងលើវិស័យវិនិយោគ ហើយក៏ទទួលបានភាពជោគជ័យយ៉ាងសំបើមជាមួយវាផងដែរ រហូតដល់បានក្លាយជាបុគ្គលមានទ្រព្យស្ដុកស្ដម្ភបំផុតមួយរូបលើលោក។

យ៉ាងណា ការវិនិយោគតែងមានផលចំណេញ និងខាតគ្រប់ពេលវេលា ហើយ Warren Buffett ក៏ជៀសមិនរួចពីការខាតបង់ដូចគ្នា តួយ៉ាងនៅឆ្នាំ ២០២២ នេះក្រុមហ៊ុន Berkshire Hathaway របស់លោកមានការខាតបង់ជាង ៤០ ពាន់លានដុល្លារ ដោយសារការបណ្ដាក់ទុនជាមួយក្រុមហ៊ុន ៣។

យោងតាមការចុះផ្សាយពី News បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក Buffett គឺខាតប្រាក់ប្រមាណ ៤៣,៧៦ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០២២ ដោយសារតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple, American Express និង Bank of America បានដាំក្បាលចុះនៅត្រីមាសទី ២ បណ្ដាលឲ្យវិនិយោគិនជាច្រើនខាតបង់យ៉ាងដំណំ។

ប្រភពដដែលបន្ថែមទៀតថា ក្រៅពីការខាតបង់ជាមួយនឹងការបណ្ដាក់ទុន ក្រុមហ៊ុនជាង ៩០ ផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Berkshire រាប់បញ្ចូលទាំងលើវិស័យធានារ៉ាប់រង ថាមពល រោងចក្រផលិតផ្សេងៗ ក៏ត្រូវបានរាយការណ៍មកថា មានការខាតបង់ជិត ៥០០ លានដុល្លារ ដោយសារការឡើងថ្លៃនៃរថយន្ត និងកង្វះខាតគ្រឿងបង្គំរថយន្តផងដែរ៕