ស្ថាបនិក Evergrande ពីកម្មករតូចតាច ក្លាយជាស្ដេចត្រាញ់អចលនទ្រព្យប្រចាំប្រទេសចិន

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande កំពុងផុងខ្លួនចូលទៅក្នុងវិបត្តិបំណុលជាង ៣០០ ពាន់លានដុល្លារអាមេរិក ដែលខ្លួនបានយកទៅវិនិយោគក្នុងការសាងសង់គម្រោង ដែលមិនអាចលក់ចេញបាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហើយជាមួយនឹងគម្រោងអចលនទ្រព្យជាង ១៣០០ ការក្ស័យធុន ដែលអាចកើតមានទៅលើក្រុមហ៊ុន Evergrande កំពុងតែទាញសេដ្ឋកិច្ចរបស់ប្រទេសចិនទាំងមូល ឱ្យមានការធ្លាក់ចុះយ៉ាងឆាប់រហ័សផងដែរ ។

មុនពេលប្រឈមមុខជាមួយវិបត្តិ Evergrande  ដែលជាក្រុមហ៊ុនអចលនលទ្រព្យធំបំផុត ឈរជើងរកស៊ីនៅក្នុងប្រទេសចិនមួយនេះ បង្កើតឡើងដំបូងដោយនរណា?

Evergrande Group ត្រូវបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ១៩៩៦ នៅក្រោមស្នាដៃរបស់លោក Hui Ka Yan ឬស្គាល់យ៉ាងទូលំទូលាយថា Xu Jiayin ហើយមុនពេលពេលបង្កើតក្រុមហ៊ុននេះ លោកក៏ធ្លាប់ជាផ្នែកមួយនៃក្រុមហ៊ុនធំផ្សេងទៀត ដូចជា Wuyan Iron & Steel Corporation Limited និង Guangzhou Penngda Group Company Limited ផងដែរ ។

ទន្ទឹមនឹងនោះ ជាមួយនឹងបទពិសោធ ក៏ដូចជាភាពជោគជ័យលើមុខជំនួញ លោក Xu ក៏ត្រូវបានតែងតាំងជាអនុប្រធានសមាគមអចលនទ្រព្យចិន , សមាគមនាយកសហគ្រាសចិន និងសហព័ន្ធសហគ្រាសចិនផងដែរ ។

លោក Xu បានកើតនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ១៩៥៨ នៅក្នុងភូមិជនបទមួយ ក្នុងខេត្ត Henan ប្រទេសចិន ដោយលោកមានឪពុក ជាទាហានចូលនិវត្តន៍ ប៉ុន្តែមិនមានព័ត៌មានច្រើន និយាយអំពីម្តាយរបស់លោកនោះឡើយ ។

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ក្នុងខេត្ត លោក Xu បានចូលបម្រើការងារនៅក្នុងរោងចក្រស៊ីម៉ងត៍ មុនពេលចាប់ផ្តើមបន្តការសិក្សានៅសកលវិទ្យាល័យ Wuhan Institute of Iron and Steel ក្នុងឆ្នាំ ១៩៧៨ ដែលជាកន្លែងគាត់បានសិក្សាទៅលើជំនាញផ្នែកលោហធាតុ ។

ក្រោយពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោក Hui ត្រូវបានគេចាត់ឱ្យទៅធ្វើការនៅកន្លែងស្លដែក ក្នុងក្រុមហ៊ុន Wuyang Iron and Steel ហើយជាមួយសមត្ថភាព លោកបានឡើងតំណែងយ៉ាងឆាប់រហ័ស និងត្រូវបានគេតែងតាំងជានាយកក្រុមហ៊ុន ក្នុងឆ្នាំ ១៩៨៥ ។

បន្ទាប់ពីបម្រើការអស់រយ:ពេល ១០ ឆ្នាំ លោក Xu បានលាលែងពីតំណែង នៅក្នុងឆ្នាំ ១៩៩២ ហើយបានផ្លាស់ទៅនៅទីក្រុង Shenzhen វិញ ដោយលោកបានកាន់តំណែងជាអ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្មធំមួយ នៅទីនោះ ។ លុះដល់ឆ្នាំ ១៩៩៦ លោកបានបន្តផ្លាស់មកនៅទីក្រុង Guangzhou ហើយបានបង្កើតក្រុមហ៊ុន Evergrande Group នៅចំពេលប្រទេសចិន បានចាប់ផ្តើមធ្វើកំណែទម្រង់ផ្នែកនគរូបនីយកម្មយ៉ាងឆាប់រហ័ស ហើយទីផ្សារលំនៅដ្ឋាន បានចាប់ផ្តើមរីកដុះដាលខ្លាំង ។

ចាប់តាំងពីឆ្នាំ ១៩៩៦ នោះមក លោក Xu បានពន្យល់ថា ភាគជោគជ័យ មិនមែនកើតឡើងត្រឹមតែមួយយប់នោះឡើយ ខណ:ភាពជោគជ័យរបស់លោក គឺជាការបំផុសគំនិតសម្រាប់មហាជនគ្រប់រូប។ អំឡុងឆ្នាំ ២០០៩-២០១០ Evergrande Group មានការរីកចម្រើន ឥតឈប់ឈរ ខណ:លោក Xu បានប្រកាសទិញយកក្លិបបាត់ទាត់ Gaungzhou FC បន្ថែមទៀត​។

ក្រោយភាពជោគជ័យលើវិស័យអចលនទ្រព្យ ក្រុមហ៊ុនរបស់លោក Xu បានងាកទៅវិនិយោគលើមុនជំនួញផ្សេងទៀត ដូចជាការផលិត ទឹកដោះគោ គ្រប់ធញ្ញជាតិ និងវិស័យប្រេងជាដើម។ ហើយនៅក្រោយមកទៀត បានបង្កើតក្រុមហ៊ុនរថយន្តអគ្គិសនី ដែលនេះជាចំណុចនៃចាប់ផ្តើម នៃការខ្ចីបំណុលរហូតជំពាក់វ័ណ្ឌករបស់ Evergrande ផងដែរ ។

រំលងបាន ៧ ឆ្នាំ លោក Xu បានក្លាយជាមហាសេដ្ឋីមានបំផុតនៅតំបន់អាស៊ី ហើយបើតាមទស្សនាវដ្តី Forbes បានចុះផ្សាយថា ទ្រព្យសម្បត្តិរបស់លោក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៤៣ ពាន់លានដុល្លារ នៅឆ្នាំ ២០១៧ ។

បើទោះពីជាបច្ចុប្បន្ន Evergrande កំពុងជាប់បំណុលកើនឡើងដល់ជាង ៣០០ ពាន់លានដុល្លារក៏ដោយ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា លោក Hui នៅតែទទួលបានចំណូលពីភាគលាភរបស់ក្រុមហ៊ុន ដែលបានធ្វើឱ្យរូបលោក បច្ចុប្បន្នស្ថិតនៅក្នុងចំណោមមហាសេដ្ឋីមានបំផុតទាំង ១០០ នៅក្នុងប្រទេសចិន ៕