មហាសេដ្ឋីមានបំផុតនៅថៃ ៣ រូបគឺបងប្អូនត្រកូល Chearavanont លោក Chalerm Yoovidhya និង Charoen Sirivadhanabhakdi គឺសុទ្ធតែជាស្ដេចត្រាញ់កំពូលប្រចាំប្រទេស ខណៈបុគ្គលទាំង ៣ រូបនេះមានមុខជំនួញលើវិស័យតែមួយ គឺវិស័យចំណីអាហារ និងភេសជ្ជៈ។

ក្នុងចំណោមបុគ្គលទាំង ៣ រូបខាងលើ បងប្អូនត្រកូល Chearavanont គឺមានដាច់គេអស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្របពេលប្រវត្តិអាជីវកម្មរបស់ស្ដេចត្រាញ់នេះក៏ធ្លាប់ត្រូវបានឧកញ៉ាញូវស៍ចុះផ្សាយរួចម្ដងដែរ ពោលក្រុមហ៊ុន CP Group គឺល្បីសុះសាយជុំវិញតំបន់អាស៊ី និងអឺរ៉ុប ហើយកម្ពុជាក៏ជាប្រទេសនាំចូលផលិតផល CP មកចែកចាយក្នុងស្រុកផងដែរ។

ដោយឡែក សម្រាប់មុខជំនួញរបស់លោក Chalerm វិញគឺជាភេសជ្ជៈប៉ូវកម្លាំងដែលប្រជាជនគ្រប់វ័យសុទ្ធតែបានស្គាល់គឺ Red Bull ឬគេនិយមហៅថា “គោជល់” ក៏កំពុងមានចរាចរណ៍លើទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ ដោយមានក្រុមហ៊ុន L.Y.P Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ជាអ្នកចែកចាយផ្ដាច់មុខនៅកម្ពុជា។


ចុងក្រោយគឺ ផលិតផលស្រាបៀឆាងរបស់អ្នកជំនួញមានដុងពីក្មេង Charoen ដែលចាប់ផ្ដើមរកស៊ីជាមួយឪពុកពីការលក់ទឹកសុទ្ធតាមចិញ្ចើមផ្លូវ រហូតដល់ក្លាយជាម្ចាស់រោងចក្រផលិតស្រាបៀធំបំផុតប្រចាំប្រទេស។


ស្រាបៀមាននិមិត្តសញ្ញារូបដំរី ធ្លាប់ជាផលិតផលនាំចូលផ្ដាច់មុខរបស់ក្រុមហ៊ុន Attwood Import and Export របស់ឧកញ៉ា លឹម ឈីវហូ ដោយបានចុះកិច្ចព្រមព្រៀងតាំងពីខែមករា ២០១៦ មកម៉្លេះ ប៉ុន្តែប៉ុន្មានខែមុនក្រុមហ៊ុនខាងលើបានបញ្ឈប់ការនាំចូលស្រាបៀឆាងពីប្រទេសថៃ។ នេះបើតាមក្រុមហ៊ុន Attwood បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍នៅរសៀលថ្ងៃចន្ទ សីហានេះ៕